ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញក្រុងពលីត្រៀមអបអរសាទរ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦
ព្រៃវែង៖ នៅព្រឹកទី២០ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីក្រុងពលី សុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ២០២៦ និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងវត្តមានដ៏ខ្ពស់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា រួមជាមួយវត្តមាន លោកជំទាវ ជា ផល្គុន ដែលប្រារព្ធធ្វើឡើងនៅសួនច្បារសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម (ស្កូប) ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។
ពិធីក្រុងពលីនេះ ត្រូវបានរៀបចំឡើងស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយថែរក្សាសុខសន្តិភាព និងសិរីសួស្តី ជូនដល់គណៈកម្មការរៀបចំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលនឹងមកកម្សាន្តក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង”។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសាមគ្គីភាព ការអភិរក្សវប្បធម៌ និងការជំរុញសក្តានុពលទេសចរណ៍នៅក្នុងខេត្តព្រៃវែងផងដែរ។
សូមបញ្ជាក់ថា៖ ពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង១៣ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុកទាំង១៣ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទាំង៦ ក្រុមការងារ ស.ស.យ.ក ក្រុមការងារអភិវឌ្ឍន៍យុវជន ក្រុមការងារក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី និងក្រុមការងារពាក់ព័ន្ធ សរុបចំនួន ១៦៤រូប៕
