កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រៃវែង
ដោយមានការអញ្ជើញចូលរួម លោក សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) តំណាង ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលធ្វើនៅសាលាខេត្តព្រៃវែង។
លោក សាយ សុជាតិ អភិបាលរងខេត្ត លើកឡើងថា នៅក្នុងខែកញ្ញាឆ្នាំ២០២៥ ស្ថានភាពទឹកភ្លៀងមានចំនួនច្រើន និងទឹកទន្លេមេគង្គកើនឡើងតាមរដូវ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ស្ថានីយជលសាស្ត្រព្រែកតាតាំ(មុខផ្សាក្រុងព្រៃវែង)ឡើងដល់កម្ពស់អតិបរិមា ៦,៨១ម៉ែត្រ (កម្រិតកម្ពស់ប្រកាសអាសន្ន ៧,៥០ម៉ែត្រ) ខ្ពស់ជាង ០,៦១ម៉ែត្រ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានកម្រិតកម្ពស់ ៦,២០ម៉ែត្រ។ កម្រិតកម្ពស់នេះ បានធ្វើឲ្យខេត្តព្រៃវែង រងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១០ស្រុក ស្មើនឹង៦៤ឃុំក្នុងនោះ៖ គ្រួសាររងផលប៉ះពាល់មានចំនួន១០.២៧៦គ្រួសារ, ខ្នងផ្ទះប៉ះពាល់ចំនួន៣.៧៨៧ខ្នងផ្ទះ, ជម្លៀសមនុស្សចំនួន៥២៥គ្រួសារ, ជម្លៀសសត្វចំនួន៣២២ក្បាល, ដំណាំស្រូវរងផល ប៉ះពាល់ចំនួន៨.៤៤០ហិកតា, ដំណាំស្រូវខូចខាតទាំងស្រុងចំនួន៤.២២៣ហិកតា, ដំណាំបន្លែខូចខាតចំនួន៤៤១ហិកតា, ផ្លូវលំប៉ះពាល់ចំនួន២២៤.៤៩០ម៉ែត្រ, ផ្លូវលំខូចខាតទាំងស្រុងចំនួន៨៦.២៧០ម៉ែត្រ,ប៉ះពាលផ្លូវស៊ូប្រវែង ២១.៩៧៥ម៉ែត្រ(ខូចខាត ៣.៥៣៥ម៉ែត្រ), ប៉ះពាល់ផ្លូវបេតុប្រវែង ២.៧៥៧ម៉ែត្រ, សាលារៀនប៉ះពាល់ ចំនួន១៥កន្លែង និងមណ្ឌលសុខភាពចំនួន ១កន្លែង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) លើកឡើងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ សូមឲ្យអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន ពិសេសបណ្តាក្រុង ស្រុក ឃុំ សង្កាត់ដែលទទួលរងផលប៉ះពាល់ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗ ដែល អាចកើតឡើង។
ឯកឧត្តម ក៏បានកោតសរសើរនិងវាយតម្លៃពោះចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធររដ្ឋបាលខេត្តព្រៃវែងក៏ដូចជារដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ដែលបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការឆ្លើយតបចំពោះបញ្ហាគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងនៅក្នុងទឹកដីនៃខេត្តព្រៃវែងធ្វើយ៉ាងណាដើម្បីធានាដល់ការរស់នៅសុខសុវត្ថិភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕
