រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦ និង ត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦

រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦ និង ត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦

​ព្រៃវែង៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” និងការត្រៀមលក្ខណៈជាម្ចាស់ផ្ទះក្នុង ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ ក្រុមការងាររបស់ក្រសួងព្រះបរមរាជវាំង លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត តំណាងក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើវី ក្រុមការងារឌីសាញ និងក្រុមការងារពាក់ព័ន្ធផងដែរ។

​កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដានរាល់សកម្មភាពដែលបានអនុវត្តកន្លងមក និងដាក់ចេញនូវទិសដៅបន្ត ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍ទាំងពីនេះ ប្រព្រឹត្តទៅដោយរលូន មានភាពអធិកអធម និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ជម្រុញឱ្យគណៈកម្មាធិការគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ និងត្រូវអនុវត្តភារកិច្ចដែលបានប្រគល់ជូនដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពអធិកអធម។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសការសម្រួលចរាចរណ៍ និងការបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងកំឡុងពេលចូលឆ្នាំ។ ត្រូវរៀបចំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកកម្សាន្តនៅខេត្តព្រៃវែង ឱ្យមានភាពកក់ក្តៅ និងសប្បាយរីករាយ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់គណៈកម្មាធិការទាំងអស់ ត្រូវតុបតែងលម្អតាមទីសាធារណៈ និងការត្រៀមលក្ខណៈបច្ចេកទេសសម្រាប់ពិធីច្រត់ព្រះនង្គ័ល ដែលជាពិធីបុណ្យជាតិដ៏មានសារៈសំខាន់បំផុត។

សូមជម្រាបជូនថា ពិធីច្រត់ព្រះនង្គ័ល នឹងត្រូវរៀបចំឡើងនៅក្រុងព្រៃវែង ដែលមានឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ជាស្តេចមាឃ និងលោកជំទាវ ជុន បូរ៉ានី ជាមេហួ ជាព្រះរាជតំណាងដង្ហែឆ្ពោះទៅកាន់ទីព្រះស្រែ។

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតពីព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមក្នុងពិធីច្រត់ព្រះនង្គ័លនេះ ជាមួយថ្នាក់ដឹកនាំជាតិពីស្ថាប័ននានា រួមទាំងប្រជារាស្រ្ត ដើម្បីរួមគ្នាថែរក្សាព្រះរាជប្បវេណីពីបុរាណរបស់ព្រះមហាក្សត្រដូចសព្វរាល់ឆ្នាំ។

សូមបញ្ជាក់ថា ពិធីច្រត់ព្រះនង្គ័ល ធ្វើឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្ដើមរដូវធ្វើស្រែចម្ការរបស់កសិករ និងបួងសួងដល់វត្ថុស័ក្ដិសិទ្ធឱ្យបង្អុរទឹកភ្លៀងបរិបូរណ៍តាមរដូវកាលបម្រើក្នុងវិស័យកសិកម្មឱ្យទទួលបានភោគផលខ្ពស់។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងក្នុងខែពិសាខជារៀងរាល់ឆ្នាំ ជានិមិត្តរូប នៃការចាប់ផ្ដើមប្រកាសរដូវធ្វើស្រែចម្ការ និងដាំណាំផ្សេងៗរបស់ប្រជាកសិករ និងផ្សងមើលប្រផ្នូលស្រុកទេស តាមរយៈគោឧសភរាជ៕

Leave a Reply

Your email address will not be published. Required fields are marked *