បទយកការណ៍៖ រំដួលមិនត្រឹមជាផ្កាតំណាងជាតិ តែជាផ្នែកមួយនៃជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញអង្គរ

បទយកការណ៍៖ រំដួលមិនត្រឹមជាផ្កាតំណាងជាតិ តែជាផ្នែកមួយនៃជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញអង្គរ
ចេញផ្សាយ ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៦
រំដួល គឺជាផ្កានិមិត្តរូបរបស់ជាតិ ខ្មែរ ។ ផ្ការំដួល ចាប់ផ្តើមចេញផ្លែផ្ការីកប្រអូបសាយនៅតាមព្រៃនៃឧទ្យានអង្គរ ក្នុងមួយឆ្នាំ ឱកាសដែលទេសចរអាចស្រង់ក្លិនផ្កាដ៏សែនក្រអូបមួយនេះបានតែម្តងប៉ុណ្ណោះ ពោលគឺចាប់ពីអំឡុងខែធ្នូរហូតដល់ខែមេសា។ ផ្ការំដួល មិនត្រឹមតែមានតម្លៃផ្នែកវប្បធម៌ នោះទេ រំដួលក៏ជាផ្នែកមួយនៃជីវភាព របស់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញអង្គរពឹងអាស្រ័យតាមរដូវកាល។

ប្រទេសកម្ពុជាបានកំណត់ រំដួល ជាផ្កាតំណាងឱ្យអត្តសញ្ញាណរបស់ជាតិ តាមរយៈព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ប៉ុន្ដែមានពលរដ្ឋមួយចំនួន មិនដែលបានឃើញដើម ផ្កា ឬផ្លែរបស់វាផ្ទាល់នឹងភ្នែកនៅឡើយទេ។ ផ្ការំដួលមានក្លិនក្រអូបស្រទន់ ជាពិសេសនៅពេលល្ងាច និងមានពណ៌លឿងស្រស់ស្អាត តែមិនឆើតឆាយ។ ផ្ការំដួលបានផ្សារភ្ជាប់អត្ថន័យយ៉ាងជ្រាលជ្រៅទៅនឹងប្រជាជនកម្ពុជា ទាំងប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ សិល្បៈ ចម្លាក់ នៅតាមប្រាសាទនានា ដូចជាចម្លាក់អប្សរានៅប្រាសាទអង្គរវត្តជាដើម។ បើសិនយើងធ្វើដំណើរចូលមកកាន់ក្រុងសៀមរាប តាមផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្សារស្វាយធំ ក្នុងឃុំ

កណ្តែក ស្រុកប្រាសាទបាគង លោកអ្នកនឹងបានឃើញរូបសំណាកផ្ការំដួលដ៏ធំមួយ នៅចំរង្វង់មូល ចំណុចប្រសព្វរវាងស្រុកប្រាសាទបាគង និងក្រុងសៀមរាប ដែលរចនាឡើងយ៉ាងស្រស់ស្អាត បង្ហាញយ៉ាងច្បាស់ថា ខេត្តសៀមរាបយកចិត្តទុកដាក់លើកស្ទួយអត្តសញ្ញាណ ជាតិ។

មកដល់អំឡុងខែមីនានេះ ផ្ការំដួលកាន់តែរីកច្រើនឡើង អាស្រ័យដោយមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមុនផង ធ្វើឱ្យផ្ការំដួលរីកស្គុះស្គាយបង្ហើរក្លិនមិនត្រឹមតាមផ្លូវក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ នៅតាមទីតាំងសក្ការៈបូជា ព្រះអង្គចេក ព្រះអង្គចម ក៏មានបងប្អូនប្រជាពលរដ្ឋបានយកផ្ការំដួលមកក្រងជាផ្នួងសក់ឬខ្សែដៃ និងជាភួងផ្កាលក់ជូនទេសចរជាតិ និងអន្តរជាតិ។ អ្នកស្រីសួន ណាន បច្ចុប្បន្នមានទីលំនៅក្នុងក្រុងរុនតាឯកតេជោសែន មានមុខរបរបេះផ្ការំដួលលក់ បន្តពីឪពុកម្តាយមក បានឱ្យដឹងថា៖ ក្នុងមួយឆ្នាំរដូវផ្ការំដួលមានតែម្តងប៉ុណ្ណោះ ពោលគឺចាប់ពីអំឡុងខែមករា ដល់ខែមីនាឬអូសបន្លាយដល់ក្រោយចូលឆ្នាំខ្មែររួច អាស្រ័យលើស្ថានភាពទឹកភ្លៀង បើមានភ្លៀងធ្លាក់ច្រើនផ្ការំដួលឆាប់រីកនិងឆាប់អស់ផ្កា។

ជារៀងរាល់ព្រឹកត្រូវក្រោកតាំងពីម៉ោង២ទៀបភ្លឺ ធ្វើដំណើរទៅកាន់ជើងភ្នំគូលែន ដើម្បីឡើងដើមរំដួលធំៗខ្ពស់ៗនៅតាមព្រៃនានា ទើបអាចបេះផ្ការំដួល រួចយកមកលក់នៅក្នុងក្រុងសៀមរាបវិញ ត្បិតជួបការលំបាកច្រើនប៉ុន្តែមុខរបរនេះ អាចជួយទ្រទ្រង់ជីវភាពគ្រួសារអ្នកស្រី សួន ណាន បានជាប្រចាំថ្ងៃ ដោយមិនចាំបាច់ទៅរករបរអ្វីផ្សេងឡើយ។ អ្នកស្រីថា៖ បើហួស រដូវកាលបេះផ្ការំដួល អ្នកស្រីអាចបេះផ្លែរំដួល និងផ្លែឈើព្រៃផ្សេងទៀតតាមរដូវកាល ដើម្បីយកមកលក់នៅតំបន់អង្គរ។ក្នុងមួយថ្ងៃអ្នកស្រីសួន ណាន អាចលក់ផ្ការំដួលដែលក្រងរួចបានជាមធ្យមពី៤០ទៅ៦០កម្រងអាស្រ័យលើចំនួនភ្ញៀវ។

Leave a Reply

Your email address will not be published. Required fields are marked *