សម្តេចប្រធានរដ្ឋសភាស្នើរដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ និងជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យានិងកសិកម្ម បន្ថែមទៀត

សម្តេចប្រធានរដ្ឋសភាស្នើរដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ និងជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យានិងកសិកម្ម បន្ថែមទៀត
ចេញផ្សាយ ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP

សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការ នៃរដ្ឋសភាហុងគ្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយជាខ្លាំង និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលកម្ពុជា និងហុងគ្រី ពិនិត្យលើសក្តានុពលផ្សេងៗទៀត ក្នុងការបង្កើត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង ដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ បច្ចេកវិទ្យានិងទេសចរណ៍ ជាដើម។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ហើយចាត់ទុកថា ជាជំហានថ្មីមួយទៀត ដែលបង្ហាញពីលទ្ធផលជាក់ស្តែង នៃការអនុវត្តដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២៥ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេស រវាងអគ្គលេខាធិការដ្ឋានទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *