លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កោតសរសើរព្រឹត្តិការណ៍ប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា
ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣–លោកជំទាវ ពេជ ចន្ទមុន្នី បានវាយតម្លៃខ្ពស់ចំពោះការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍មួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា ក៏ដូចជាត្រៀមចូលរួមប្រកួត កីឡារាំអន្តរជាតិនានានៅពេលខាងមុខនេះ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈកាលចុងក្រោយនេះ កីឡារាំបានរួមគ្នាធ្វើកំណែទម្រង់ជាច្រើន ដោយទទួលបានជោគជ័យ តាមរយៈការទទួលមេដាយពីការប្រកួតលក្ខណៈជាតិ តំបន់ និងអន្តរជាតិ ។

ថ្លែងក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ក្រោមពាក្យស្លោក កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ នារសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣ លោកជំទាវបណ្ឌិតបានគូស បញ្ជាក់ថា ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាព្រឹត្តិការណ៍មួយ ដែលដើរតួនាទីយ៉ាង សំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡា និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមដូចជា សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងសុខភាព ជាដើម។ មួយវិញទៀត កត្តាទាំងនេះហើយ ដែលកម្ពុជា ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិ និងកម្លាំង សេដ្ឋកិច្ចកម្ពុជា ដែលបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយមួយក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែល រាជរដ្ឋាភិបាល បានដាក់ចេញ ហើយក៏ជាការប្តេជ្ញាចិត្តក្នុងនាមកម្ពុជាជាសមាជិកអាស៊ាន ។
« ជាការពិតការប្រកួតកីឡាជ្រើសរើសជើងឯកកីឡារាំថ្នាក់ជាតិ រៀងរាល់០១ឆ្នាំម្ដង ឆ្លុះបញ្ចាំង ឱ្យឃើញនូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង ក្លឹបនិងក្លឹប ដែលជាសមាជិកទាំងអស់របស់សហព័ន្ធកីឡារាំកម្ពុជានិងក៏ជាឱកាសសម្រាប់ការផ្លាស់ប្តូរ ទាំងបច្ចេកទេស តិចនិក ទាំងបទពិសោធន៍ ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ និងជាសិល្បៈ ការពារខ្លួនរបស់ សមាគមក្លឹបកីឡារាំនីមួយៗ»។

លោកជំទាវបណ្ឌិតបានបន្ថែមទៀតថា ការប្រកួតកីឡារាំនេះ ក៏ជាការបំផុសស្មារតី មហាជនឱ្យកាន់តែ ស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសកម្ពុជា ឱ្យកាន់តែ ល្បីល្បាញនៅលើឆាកអន្តរជាតិ។ កម្ពុជាទៅដល់ទីណាគឺមាន ទង់ជាតិកម្ពុជាបង្ហាញឱ្យអន្តរជាតិបានស្គាល់ នៅទីនោះផងដែរ។
សូមជម្រាបថា ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ លើ២៣ ប្រភេទវិញ្ញាសា រួមមាន វិញ្ញាសា រាំគូ Latin Dance និង វិញ្ញាសា Standard Dance ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន៥០នាក់ មកពីក្លឹបចំនួន៦ក្លឹប ក្នុងនោះមានក្លឹបមហាផ្ទៃ ក្លឹបកងទ័ពជើងទឹក ក្លឹបខេត្តកណ្តាល ក្លឹបខេត្តកំពង់ចាម និងក្លឹប Joy School ៕ ផ្សាយដោយ៖ កន ចំណាន, អត្ថបទ វ៉ែន សុវុទ្ធី








