ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បង្ហាញពីភាពជោគជ័យនៃនយោបាយសន្តិវិធី និងការការពារបូរណភាពទឹកដីជូនប្រជាពលរដ្ឋខេត្តព្រៃវែង

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បង្ហាញពីភាពជោគជ័យនៃនយោបាយសន្តិវិធី និងការការពារបូរណភាពទឹកដីជូនប្រជាពលរដ្ឋខេត្តព្រៃវែង
ចេញផ្សាយ ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៦
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានដឹកនាំក្រុមតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាង ៣០០នាក់ ក្នុងខេត្តព្រៃវែង ដោយបានលើកឡើងពន្យល់លម្អិតអំពីបុព្វហេតុនៃការការពារជាតិ និងបូរណភាពទឹកដី។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ពីប្រសិទ្ធភាពនៃនយោបាយសន្តិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់បរទេស ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងការតម្កល់ផលប្រយោជន៍ជាតិជាធំ។

ឯកឧត្តមអនុប្រធានទី១ នៃរដ្ឋសភាបានបញ្ជាក់ថា៖ «តាមរយៈការចរចា និងកិច្ចសហការយ៉ាងជិតស្និទ្ធ កម្ពុជាយើងសម្រេចបាននូវបទឈប់បាញ់ទាំងស្រុង និងភាពស្ងប់ស្ងាត់តាមបន្ទាត់ព្រំដែនតាំងពីចុងឆ្នាំ២០២៥ មកម្ល៉េះ។ នេះគឺជាមោទនភាពជាតិក្នុងការការពារបូរណភាពទឹកដី ដោយមិនចាំបាច់ប្រើប្រាស់អាវុធ ប៉ុន្តែប្រើប្រាស់នយោបាយការទូត និងសន្តិសហវិជ្ជមាន»។

ទន្ទឹមនឹងការអបអរសាទរសន្តិភាពតាមព្រំដែន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានលើកឡើងពីវឌ្ឍនភាពនៃរដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ រដ្ឋសភាបានជំរុញការធ្វើទំនើបកម្មស្ថាប័នយ៉ាងសកម្ម ដើម្បីធានាថាការអនុម័តច្បាប់ និងការតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល មានតម្លាភាព គណនេយ្យភាព និងបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋពិតប្រាកដ។

ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្តមបានរំឭកពីភារកិច្ចស្នូលរបស់សមាជិករដ្ឋសភា គឺត្រូវចុះជាប់មូលដ្ឋានជាប្រចាំ។ លោកបានពន្យល់ថា តំណាងរាស្ត្រមិនត្រឹមតែបំពេញភារកិច្ចក្នុងសភាដើម្បីអនុម័តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវចុះមកស្តាប់ទុក្ខសោក និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីនាំយកទៅដោះស្រាយឱ្យទាន់ពេលវេលា សំដៅគាំទ្រដល់ការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម និងខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ដើម្បីរួមគ្នាជំរុញដំណើរការអភិវឌ្ឍជាតិប្រកបដោយចីរភាពផងដែរ ដើម្បីត្រៀមលក្ខណះចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ ដែលប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ នាពេលខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *