អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា-បារាំង នឹងក្លាយជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ
ចេញផ្សាយ ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦–ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅឯប្រទេសបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងកិច្ចប្រជុំក៏ដូចជាជំនួបសំខាន់ៗមួយចំនួនទៀតដូចជា កិច្ចប្រជុំជាន់ខ្ពស់ស្តីពី «និម្មាបនកម្មសុខភាពសាកល» កិច្ចពិភាក្សាស្តីពីអភិបាលកិច្ចនិងវិទ្យាសាស្ត្រ, ជំងឺឆ្លង និងជំងឺមិនឆ្លង, និងក៏មានជំនួបក្រៅផ្លូវការជាមួយអនុប្រធានធនាគារពិភពលោក ទទួលបន្ទុកការអភិវឌ្ឍន៍ហិរញ្ញវត្ថុ, អគ្គនាយកអង្គការយូណេស្កូ និងប្រធានាធិបតីបុតស្វាណា ជាដើម។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងរីកចម្រើនក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។
បើតាម អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំទាំងពីរក៏គ្រោងនឹងផ្លាស់ប្តូរទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាឆ្នាំនេះ ព្រមទាំងការវិវត្តនៅក្នុងតំបន់ និងពិភពលោក៕