ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ពីតួនាទីសំខាន់ៗ របស់យុវជន ចំពោះប្រទេសជាតិ
ចេញផ្សាយ ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៦
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី៣១ ខែមីណា ឆ្នាំ២០២៦នេះ បានគូសរំលេចថា បាឋកថាស្ដីពី «តួនាទីយុវជន និងការបណ្ដុះស្មារតីស្នេហាជាតិ» ការកសាងជាតិឱ្យរឹងមាំ និងមានឯករាជ្យម្ចាស់ការពិតប្រាកដ ត្រូវចាប់ផ្ដើមពីការវិនិយោគលើធនធានមនុស្សឱ្យមានវិន័យ ចំណេះដឹង និងមោទនភាពជាតិដ៏មុតមាំបំផុត។
ឯកឧត្តមបានគូបញ្ជាក់ថាតួនាទីយុវជន ចំពោះប្រទេសជាតិ ត្រូវការពារទាំងបូរណភាពទឹកដី អធិបតេយ្យភាព ឬអំណាចគ្រប់គ្រង ការពាររដ្ឋ សាសនា និងសញ្ញាណជាតិ ដែលមានអធិបតេយ្យភាពមួយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលមួយ មានសញ្ជាតិ និងភាសារួមតែមួយ។ ក្នុងនោះដែរយុវជនក៏មានតួនាទីស្នូល ក្នុងបុព្វហេតុជាតិមាតុភូមិ ដោយត្រូវចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបំពេញកាតព្វកិច្ចរបស់យុវជនជំនាន់មុន កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានគ្រឹះកាន់តែរឹងមាំសម្រាប់ជំនាន់ក្រោយៗ។
ជាមួយគ្នានេះដែរឯកឧត្តមបានដាស់តឿនស្មារតីឱ្យមានការភ្ញាក់រលឹកពីប្រវត្តិសាស្ត្រខ្មែរបានបង្រៀនយើងច្បាស់ថា ប្រទេសជាតិអាចរឹងមាំទៅបាន លុះត្រាតែយើងមានសមត្ថភាព និងចំណេះដឹងបើទោះបីយើងធ្លាប់ធ្លាក់ក្នុងជ្រោះមហន្តរាយដោយសារការបែកបាក់ផ្ទៃក្នុងក៏ដោយ។
ឯកឧត្តមបានបន្តទៀតថាយើងត្រូវរៀនរស់ជាមួយស្ថានភាពដែលមានការប្រែប្រួល មានន័យថា មិនមែនឱ្យពួកយើងរង់ចាំដល់ការងារហ្នឹងស្ងប់ស្ងាត់ ឬក៏រង់ចាំទាល់តែស្ថានភាពហ្នឹងត្រឡប់មករកភាពដូចដើម វិញនោះទេ ប៉ុន្តែត្រូវបន្តនូវសកម្មភាពសេដ្ឋកិច្ច សង្គម ដើម្បីធានាប្រក្រតីភាពនៃស្ថានភាពសេដ្ឋកិច្ច សង្គម។
ឯកឧត្តមបានបន្ថែមថា ទន្ទឹមនឹងនោះយើងត្រូវគិតពីការការពារបូរណភាពទឹកដី និងភូមិផងរបងជាមួយសកម្មភាពសេដ្ឋកិច្ច សង្គម ក្នុងពេលដំណាលគ្នា ព្រោះថាប្រសិនបើសេដ្ឋកិច្ចធ្លាក់ចុះ យើងក៏ពិបាកក្នុងការការពារជាតិ និងពិបាកក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីផងដែរ៕