កម្ពុជា-ប្រេស៊ីល ប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី
ចេញផ្សាយ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៦
ភ្នំពេញ ៖ កម្ពុជា-ប្រេស៊ីល បានប្តេជ្ញាក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមករួមទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃប្រទេសប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ ចំពោះការតែងតាំង លោកជំទាវ ជាឯកអគ្គរដ្ឋទូតដំបូងរបស់ប្រទេសប្រេស៊ីលប្រចាំកម្ពុជា ដែលមាន និវេសនដ្ឋាននៅរាជធានីភ្នំពេញ។
ឯកឧត្តម ប្រាក់ សុខុន បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត ចំពោះសន្ទុះរីកចម្រើនយ៉ាងស្វាហាប់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការបើកស្ថានទូត ថ្មីដែលមាននិវេសនដ្ឋាននៅក្នុងរាជ/រដ្ឋធានីនៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហ ប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏រំពឹងផងដែរអំពីលទ្ធ ផលប្រកបដោយផ្លែផ្កា នៃកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ លើកទីពីរ ដែល នឹងប្រព្រឹត្តទៅក្នុងខែមីនា ឆ្នាំ២០២៦ នៅទីរាជធានីភ្នំពេញ ដោយនឹងរិះរកមើលវិស័យនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍នៃប្រទេសទាំងពីរ។
លោកជំទាវ Vivian Loss Sanmartin ស្វាគមន៍ចំពោះដំណើរវិវត្តដ៏វិជ្ជមាននៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រេស៊ីលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតនៅក្នុងវិស័យដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ រួមមានវិស័យពាណិជ្ជកម្ម និង វិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការធ្វើឱ្យ កាន់តែស៊ីជម្រៅនូវចំណងមិត្តភាពកម្ពុជា-ប្រេស៊ីលបន្ថែមទៀត ហើយក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងរួមគ្នាលើកកម្ពស់ វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕