ព្រៃវែង៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានអញ្ជើញបើកកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអនុប្រធានមន្ទីរ មន្ត្រីរាជការនិងបុគ្គលិកពាក់ព័ន្ធទាំងអស់ នៃមន្ទីរព័ត៌មានខេត្តព្រៃវែង។
កិច្ចប្រជុំមានគោលបំណងពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក សម្រាប់ខែមករា ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម ចំណុចខ្សោយ និងដាក់ចេញទិសដៅការងារបន្ត សម្រាប់ខែក្រោយ និងអំឡុងឆ្នាំ២០២៦ ឱ្យសម្រេចបានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងកិច្ចប្រជុំ លោក ញ៉ែម សៅគ្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រី និងបុគ្គលិកទាំងអស់ ដែលបានបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មានជូនសាធារណជន យ៉ាងទាន់ពេលវេលា និងស្របតាមទិសដៅនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យមន្ត្រីបន្តពង្រឹងវិន័យការងារ ការសហការផ្ទៃក្នុង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានគុណភាព។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរ បានណែនាំឱ្យគ្រប់ផ្នែក យកចិត្តទុកដាក់លើការរៀបចំផែនការការងារ ការចុះបំពេញបេសកកម្មតាមមូលដ្ឋាន និងការឆ្លើយតបព័ត៌មានឱ្យបានរហ័ស ត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់។
កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសយោគយល់ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីអភិវឌ្ឍការងារផ្នែកព័ត៌មាននៅខេត្តព្រៃវែង ឱ្យកាន់តែមានប្រសិទ្ធភាពនិងឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម៕
