បទយកការណ៍៖ សត្វជ្រឹង និងកង្វល់នៃការផ្ទុះវីរុសនីប៉ាហ៍
ចេញផ្សាយ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៦
MoINFO APP
ជាប្រភេទថនិកសត្វតែមួយគត់ដែលអាចហោះហើរបាន ក្នុងចំងាយចន្លោះពី៣៥ ទៅ៤០ គីឡូម៉ែត្រ និងឆ្ងាយជាងនេះដើម្បីស្វែងរកចំណី សត្វជ្រឹងខុសពីសត្វប្រជៀវ ព្រោះសត្វជ្រឹងមិនស៊ីសត្វល្អិតទេ តែវាស៊ីផ្លែឈើដែលមានក្លិនក្រអូប ផ្កា និងលម្អងផ្កា។ សត្វជ្រឹងមាន៣ប្រភេទ គឺជ្រឹងមធ្យម ជ្រឹងធំ និងជ្រឹងកោះ ដោយពួកវាមានការរស់នៅផ្សេងគ្នា ដោយជ្រឹងមធ្យម និងជ្រឹងធំ ចូលចិត្តរស់នៅតាមដើមឈើធំៗ ខ្ពស់ៗ ចំណែកជ្រឹងកោះ រស់នៅតាមកោះនានា។
យោងតាមអង្គការសុខភាពពិភពលោក ឆ្នាំ២០២៣ សត្វជ្រឹងត្រូវបានគេចាត់ទុកថាជាប្រភេទសត្វស្លូត ប៉ុន្តែសត្វជ្រឹងត្រូវបានរកឃើញថាមានផ្ទុកនូវវីរុសនីប៉ាហ៍ (Nipah Virus) ដែលជាការព្រួយបារម្ភ អាចបង្កហានិភ័យខ្ពស់ក្នុងការរាតត្បាតឆ្លងវីរុសទៅមនុស្ស។
ស្ថិតក្នុងក្រុមសមាជិកគ្រួសារ Paramyxoviridae វីរុសនីប៉ាហ៍ នេះជាអំបូរមេរោគ zoonotic ជាមេរោគឆ្លងពីសត្វទៅមនុស្ស ហើយសត្វដែលមានផ្ទុកមេរោគនេះជាសត្វជ្រឹង។ មេរោគនេះអាចចម្លងជំងឺពីសត្វជ្រឹង សត្វជ្រូកទៅកាន់មនុស្ស និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ដោយផ្ទាល់នឹងទឹកមាត់ ឬទឹកនោមអ្នកដែលមានផ្ទុកមេរោគនេះ។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ឆ្នាំ២០២០។
បើឆ្លងចូលមនុស្សណាហើយ វីរុសនីប៉ាហ៍នាំឱ្យអ្នកជំងឺមានអាការៈដូចជាគ្រុនផ្តាសាយ មានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ និងអាចកើតជំងឺរលាកខួរក្បាល។ អ្នកវិទ្យាសាស្រ្តបានព្យាករអំពីលទ្ធភាពនៃជំងឺរាតត្បាតជាច្រើន ដែលអាចនឹងកើតមាន ក្រោយសម័យកូវីដ១៩ ក្នុងនោះមានវីរុសនីប៉ាហ៍នេះផងដែរ។