អាជ្ញាធរមីនកម្ពុជា៖ NPA ជាមួយកម្ពុជា ជាដៃគូ ឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌
ចេញផ្សាយ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៦
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌។
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍសមត្ថភាពវិស័យសកម្មភាពមីន ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងជំនួយរបស់ប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA)។
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរមីន និងចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Hans Peter Risser នាយកប្រចាំប្រទេសនៃ NPA ។
តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនន័រវេស្ស ដែលបានចូលរួមគាំទ្រដល់ដំណើរស្វែងរកសន្តិភាព ការផ្តល់សុវត្ថិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌ អស់រយៈពេលជាង ៣០ឆ្នាំ តាមរយៈជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA) និងទីភ្នាក់ងារន័រវេស្សសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (NORAD)។
ពាក់ព័ន្ធនឹងសកម្មភាពមីនមនុស្សធម៌ ឯកឧត្តមទេសរដ្ឋមន្រ្តី វាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌ ក៏ដូចជាបង្ហាញពីសាមគ្គីភាពអន្តរជាតិដ៏រឹងមាំជាមួយនឹងគោលដៅមនុស្សធម៌របស់កម្ពុជា។ ក្នុងនោះ NPA បានគាំទ្រដល់ការសិក្សាស្រាវជ្រាវ ការបោសសម្អាត ការឆ្លើយតបនឹងគ្រាប់បែកចង្កោម កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការពង្រឹងជំនាញសកម្មភាពមីន ជាដើម។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកការចុះអនុស្សរណៈនៃការយោគយល់គ្នា គឺជាការបោះជំហានទៅមុខក្នុងភាពជាដៃគូដែលផ្តោតលើការអភិវឌ្ឍសមត្ថភាព ហើយកម្ពុជានឹងបន្តដឹកនាំកម្មវិធីសកម្មភាពមីនជាមួយនឹងប្រព័ន្ធជាតិរឹងមាំ ដោយធានាបាននូវគុណភាព សុវត្ថិភាព និងនិរន្តរភាពយូរអង្វែង។ ការអភិវឌ្ឍសមត្ថភាពសកម្មភាពមីន នឹងជួយពង្រឹងការគ្រប់គ្រងហានិភ័យដែលនៅសេសសល់ ដោយធានាថាសហគមន៍នៅតែត្រូវបានការពារតាមរយៈប្រព័ន្ធរាយការណ៍ ការឆ្លើយតបរហ័ស និងវិធានការសុវត្ថិភាពរយៈពេលវែង សូម្បីតែក្រោយបោសសម្អាតរួច។ អាជ្ញាធរមីន នឹងបន្តកែលម្អការគ្រប់គ្រងព័ត៌មាន ការពង្រឹងប្រព័ន្ធទិន្នន័យជាតិ និងការសម្របសម្រួលបច្ចេកទេស ដែលនឹងជួយគាំទ្រដល់ការធ្វើផែនការ ការផ្តល់អាទិភាព និងគណនេយ្យភាពទូទាំងវិស័យប្រកបដោយប្រសិទ្ធភាព។