ខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ត្រៀមព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង ២០២៦”
ព្រៃវែង៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៦” ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី នៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារជាច្រើន។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនានា ព្រមទាំងពិភាក្សាលើផែនការរៀបចំកម្មវិធី ការរៀបចំទីតាំង សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ អនាម័យ បរិស្ថាន និងការគ្រប់គ្រងចរាចរណ៍ ដើម្បីធានាឲ្យព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង ២០២៦” ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងសម្រេចបានតាមគោលបំណងដែលបានកំណត់។
ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បានមានប្រសាសន៍ណែនាំឲ្យអង្គភាពពាក់ព័ន្ធ បន្តពង្រឹងការសហការគ្នាយ៉ាងជិតស្និទ្ធ ច្បាស់លាស់ក្នុងការបែងចែកភារកិច្ច និងទទួលខុសត្រូវ រៀបចំការងារឲ្យបានតាមផែនការ និងកាលវិភាគ ដោយយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ សុវត្ថិភាពភ្ញៀវ និងប្រជាពលរដ្ឋដែលចូលរួមព្រឹត្តិការណ៍។
ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ឲ្យក្រុមការងារ យកចិត្តទុកដាក់លើការរក្សាអនាម័យ បរិស្ថាន សោភ័ណភាពទីក្រុង និងការគ្រប់គ្រងសំណល់ ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ ដើម្បីឲ្យបរិយាកាសសង្រ្កាន្តមានភាពស្អាត រលូន និងគួរឲ្យចាប់អារម្មណ៍។
ជាមួយគ្នានេះដែរ លោកជំទាវ ជុន បូរ៉ានី បានលើកទឹកចិត្តឲ្យក្រុមការងារ បង្កើតកម្មវិធីកម្សាន្ត និងសកម្មភាពវប្បធម៌ឲ្យមានភាពច្នៃប្រឌិត បង្ហាញអត្តសញ្ញាណប្រពៃណីខ្មែរ និងលក្ខណៈពិសេសរបស់ខេត្តព្រៃវែង ដើម្បីឲ្យព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំ២០២៦នេះ ក្លាយជាព្រឹត្តិការណ៍ដ៏រស់រវើក និងទាក់ទាញភ្ញៀវទេសចរ ព្រមទាំងប្រជាពលរដ្ឋចូលរួមយ៉ាងទូលំទូលាយ។
ថ្នាក់ដឹកនាំខេត្ត បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង ២០២៦” មិនត្រឹមតែជាព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសំខាន់ក្នុងការលើកស្ទួយវិស័យទេសចរណ៍ វប្បធម៌ និងសេដ្ឋកិច្ចមូលដ្ឋាន រួមទាំងបង្កើនភាពសាមគ្គី និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍខេត្តព្រៃវែងផងដែរ៕
