រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ។
ពិធីនេះបានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរក្រសួងព័ត៌មានទូទៅទាំងរាជធានី ខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន២ ៥០០នាក់។
ការបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ដ៏មានសារៈសំខាន់នេះ គឺដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់យុវវ័យសំដៅពង្រឹងភាពធន់របស់ពួកគេក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព្រោះយុវវ័យក្នុងសម័យឌីជីថលមានការប្រឈមខ្លាំងជាមួយការប្រើប្រាស់បច្ចេកវិទ្យាដែលមិនបម្រើឱ្យផលប្រយោជន៍វិជ្ជមាន ប្រសិនបើមិនមានការអប់រំណែនាំ និងពង្រឹងផ្នែកអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទេនោះ។ យើងរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយ និងរួមគ្នាពង្រឹងការយល់ដឹងផ្នែកព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានដាស់តឿនដល់សិស្សានុសិស្ស សូមចូលរួមទប់ស្កាត់ និងកុំចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ឱ្យសោះ ។ ប្រសិនបើឃើញករណីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលគ្មានប្រភពច្បាស់លាស់ សូមផ្ទៀងផ្ទាត់ព័ត៌មាន ដែលមានប្រភពផ្លូវការជាមុនសិន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា៖ «យុវវ័យសម័យនេះមិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល។ ក្មួយៗត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏រឹងមាំ ដើម្បីបន្សុទ្ធលំហព័ត៌មានក្នុងសង្គម ការពារគ្រួសារ និងសហគមន៍ពីហានិភ័យ និងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃ បំផ្លើស ក្លែងបន្លំ និងបំពុលសង្គម»
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការចេញដំណើរយុទ្ធនាការជំហានទី២នេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។
ក្រសួងព័ត៌មានដឹកនាំការអនុវត្តយុទ្ធនាការនេះនៅទូទាំងប្រទេសដោយសហការជាមួយក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ខណៈនៅថ្នាក់ក្រោមជាតិមានការសម្របសម្រួលអនុវត្តដោយមន្ទីរព័ត៌មានរាជធានី-ខេត្ត ក្រោមកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
យុទ្ធនាការនឹងជំរុញការអនុវត្តអភិក្រមសុវត្ថិភាពព័ត៌មាន ដោយផ្តោតលើការផ្សព្វផ្សាយមាតិកាអប់រំ របៀបនៃការបង្ការទប់ស្កាត់ និងការពារខ្លួនពីហានិភ័យ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។
ក្នុងន័យនេះយុទ្ធនាការនឹងលើកទឹកចិត្តឱ្យមានការចូលរួមពីយុវជន និងប្រជាពលរដ្ឋទាំងអស់ ដើម្បីទី១) លុបបំបាត់វប្បធម៌ចេះតែចែករំលែកតៗគ្នាដោយអារម្មណ៍រំជើបរំជួល ដោយផ្អាកបន្តិចនិងពិចារណាលើព័ត៌មានដែលទទួលបាន, ទី២) ញែកព័ត៌មានបំពុលការបំភ្លៃ ឬព័ត៌មានក្លែងបន្លំដោយបច្ចេកវិទ្យា AI ចេញពីលំហព័ត៌មានពិត ដោយផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន ឬសារ ព័ត៌មានអាជីព, ទី៣) ការពារទិន្នន័យ និងគណនីផ្ទាល់ខ្លួនដោយប្រើមុខងារផ្ទៀងផ្ទាត់ពីរដំណាក់កាល និងរក្សាលេខកូដសម្ងាត់, ទី៤) ទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយដោយមិនចែករំលែកព័ត៌មានចចាមអារ៉ាម ព័ត៌មានគ្មានប្រភពច្បាស់លាស់ និងរួមគ្នាចុច Report ខ្លឹមសារបែបបំពុល ញុះញង់ ឆបោក, និងទី៥) ជួយផ្សព្វផ្សាយអក្ខរកម្មព័ត៌មានដល់ក្រុមគ្រួសារ និងសហគមន៍ សំដៅរក្សាសុវត្ថិភាពព័ត៌មានក្នុងសង្គមទាំងមូល។

Leave a Reply

Your email address will not be published. Required fields are marked *