ឯកឧត្តម សួន សុម៉ាលីន អញ្ជើញសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនគ្រូបង្រៀនកិច្ចសន្យាម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនគ្រូបង្រៀនកិច្ចសន្យាម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ និងនាំយកថវិកាឧបត្ថម្ភមួយចំនួន ជូនដល់ក្មួយស្រី ម៉ូវ សុផាន់ ដែលជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ (គ្រូកិច្ចសន្យា)។

​ក្មួយស្រី ម៉ូវ សុផាន់ បច្ចុប្បន្នជាគ្រូបង្រៀននៅសាលាបឋមសិក្សា ព្រែកធំ ស្ថិតក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ដោយសារបញ្ហាសុខភាព នាពេលបច្ចុប្បន្ននេះ ក្មួយស្រីកំពុងតែសម្រាកព្យាបាលជំងឺនៅផ្ទះស្នាក់នៅ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​ការចុះសួរសុខទុក្ខនេះ គឺស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំខេត្តព្រៃវែង ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បុគ្គលិកអប់រំ ដែលបានខិតខំចំណាយកម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរឱ្យក្មួយស្រីមានសុខភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ចបង្រៀនសិស្សានុសិស្សជាបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *