ឯកឧត្តម សូ សុភ័ក្ត្រ អញ្ជើញសំណេះសំណាលសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ២២០គ្រួសារ នៅស្រុកស្វាយអន្ទរ
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សូ សុភ័ក្ត្រ ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារមនុស្សធម៌ សម្តេចតេជោ និងសម្តេចធិបតី បានអញ្ជើញសំណេះសំណាលសួសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន ២២០គ្រួសារ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម សូ សុភ័ក្ត្រ បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ ដោះស្រាយរាល់សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយអាជ្ញាធរមិនបានដឹងនោះឡើយ។
ឯកឧត្ដម បន្តថា ការចុះជួបសំណេះសំណាល និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ គឺស្តែងចេញពីទឹកចិត្តជ្រះថ្លា និងការគិតគូរខ្ពស់របស់ សម្តេចតេជោ និងសម្តេចធិបតី តាមរយៈក្រុមការងារមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។
លោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ លើកឡើងថា ខេត្តព្រៃវេង គិតត្រឹមឆ្នាំ២០២៦ ស្រុកស្វាយអន្ទរបានទទួលផ្ទះចំនួន១០ខ្នង បន្តន់អនាម័យចំនួន២០កន្លែង កន្លែងលាង ដៃចំនួន ១កន្លែង សាលាមតិសិក្សា១ខ្នង ស្មើ៤បន្ទប់។ ហើយរដ្ឋបាលស្រុកបានចុះសួរសុខទុក្ខជាមួយ ពលករចំណាកស្រុក ក្រុម គ្រួសារកងទ័ពជួរមុខ និង ជនភៀសសឹក សរុបចំនួន១០លើក ស្មើ ៩៥០គ្រួសារ។ ជាមួយគ្នានេះដែរ អង្គការមូលនិធិនៃក្តីសង្ឃឹមបានជួយសាងសង់បង្គន់អនាម័យ សរុបចំនួន៦៥បង្គន់ អណ្តូងទឹកសរុបចំនួន៣១អណ្តូង សាងសង់ផ្ទះបានសរុបចំនួន៧៥ខ្នង សាងសង់ប្រព័ន្ធចម្លោះទឹកស្អាតUV សរុបចំនួន២២កន្លែង និងបានជួយឧបត្ថម្ភអាហារូបរណ៍សិស្សក្រីក្រសរុបចំនួន១៥៥នាក់ (៦ដងក្នុងមួយឆ្នាំ) ពិសេសបានចូលរួមឧបត្ថម្ភជួយគ្រួសារក្រីក្រ សរុបចំនួន៨៧០គ្រួសារ។
ក្នុងនោះ ឯកឧត្តម សូ សុភ័ក្ត្រ នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ២២០ គ្រួសារ ដោយក្នុងមួយទទូលបានសារុងមួយ ថវិកា ២ ម៉ឺនរៀល ព្រមជាមួយគ្នានោះឯកឧត្តម សួន សុម៉ាលីន ផ្តល់ជូនថវិកាបន្ថែមដោយក្នុងមួយគ្រួសារទទូលបាន ៥ ម៉ឺនរៀលផងដែរ៕
