កម្ពុជាចូលរួមកម្មវិធីដង្ហែគោមឈូកដ៏ធំ «Lotus Lantern Festival 2026» នៅសាធារណរដ្ឋកូរ៉េ

កម្ពុជាចូលរួមកម្មវិធីដង្ហែគោមឈូកដ៏ធំ «Lotus Lantern Festival 2026» នៅសាធារណរដ្ឋកូរ៉េ
ចេញផ្សាយ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៦
នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងមន្ត្រីស្ថានទូត បានអញ្ជើញចូលរួមកម្មវិធីដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026» ដែលរៀបចំដោយគណៈកម្មាធិការអភិរក្សគោមឈូកសាធារណរដ្ឋកូរ៉េ ក្រោមការឧបត្ថម្ភពីសាលាក្រុងសេអ៊ូល និង គណៈកម្មាធិការវត្តព្រះពុទ្ធសាសនាកូរ៉េឆូកេសា សាធារណរដ្ឋកូរ៉េ និងមានអ្នកចូលរួមទស្សនាកូរ៉េ និងភ្ញៀវទេសចរបរទេស នៅតាមបណ្តោយមហាវិថីធំៗកណ្តាលទីក្រុងសេអ៊ូល សរុបប្រមាណជាង ៥០ ម៉ឺននាក់។

ក្បួនដង្ហែរបស់ប្រទេសកម្ពុជាបានដឹកនាំរៀបចំដោយព្រះតេជគុណ រិន សារ៉ូ ចៅអធិការវត្តខ្មែរហ្វាសង់ និងបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ បានរៀបចំផែនក្បួនដង្ហែតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងអមដោយផែនប្រពៃណី។

ក្រៅពីបង្ហាញពីគោមផ្ការំដួលតាមលក្ខណៈព្រះពុទ្ធសាសនាខ្មែរ ក្បួនដង្ហែរកម្ពុជាក៏បានបង្ហាញនូវវប្បធម៌ដ៏សំបូរបែបរបស់ខ្លួន ដូចជាសម្លៀកបំពាក់ព្រះមហាក្សត្រ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ របាំល្ខោនខោល ល្ខោនបាសាក់ និងរបាំល្ខោនស្បែកផងដែរ ដែលទទួលបានការស្វាគមន៍ និងធ្វើឱ្យអ្នកចូលរួមទស្សនាមានការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវប្បធម៌ប្រពៃណីរបស់ប្រទេសកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *