ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន ទាមទារឱ្យមានការឆ្លើយតបដោយភាពបុរេសកម្ម ការសម្របសម្រួលគ្នា និងឱ្យបានទាន់ពេលវេលា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន ទាមទារឱ្យមានការឆ្លើយតបដោយភាពបុរេសកម្ម ការសម្របសម្រួលគ្នា និងឱ្យបានទាន់ពេលវេលា
ចេញផ្សាយ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៦
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន មានច្រើនសណ្ឋាន ហើយទាមទារឱ្យមានការឆ្លើយតបប្រកបដោយភាពបុរេសកម្ម ការសម្របសម្រួលគ្នា និងឱ្យបានទាន់ពេលវេលា។ ក្នុងន័យនេះ អាស៊ានបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការសម្របខ្លួន និងឆ្ពោះទៅមុខកាន់តែរឹងមាំ ដោយដកស្រង់បទពិសោធពីបញ្ហាប្រឈមដែលបានកើតឡើងកន្លងទៅ ដើម្បីបន្តដុសខាត់កិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែល្អប្រសើរ។

ទាក់ទងនឹងការកសាងសហគមន៍អាស៊ាន អង្គប្រជុំបានសង្កត់ធ្ងន់ថា សមាហរណកម្មដែលកាន់តែស៊ីជម្រៅ គឺទាមទារឱ្យមានការសម្របសម្រួលឱ្យកាន់តែរឹងមាំរវាងអន្តរវិស័យ។ តាមរយៈការជំរុញឱ្យមានសហវិបុលភាព និងកិច្ចសហការកាន់តែជិតស្និទ្ធតាមវិស័យនានា អាស៊ានអាចពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសហគមន៍មួយដែលផ្ដោតលើប្រជាជន៕

Leave a Reply

Your email address will not be published. Required fields are marked *