អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩
ចេញផ្សាយ ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៦
នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូចៗ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប លោកជំទាវ Rabab Fatima បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីសកម្មភាពទីក្រុងដូហា (DPoA)»។ លោកជំទាវបានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានដាក់ចេញនូវផែនការអភិវឌ្ឍ និងការអភិរក្សបេតិកភណ្ឌ។ លោកជំទាវ អគ្គលេខាធិការរង បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ហើយអង្គការសហប្រជាជាតិក៏បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគាំទ្រដល់ដំណើរការចាកចេញនេះ។ លោកជំទាវអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានសម្រេចតាមលក្ខណៈវិនិច្ឆ័យរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) តាមរយៈការវាយតម្លៃចំនួនពីរលើក កន្លងមក។ ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ថា កម្ពុជាស្ថិតក្នុងដំណើរផ្លូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
ជាការឆ្លើយតប សម្ដេចធិបតីថ្លែងអំណរគុណចំពោះវត្តមានរបស់លោកជំទាវ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិសម្រាប់ថ្នាក់តំបន់ អាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីសកម្មភាពទីក្រុងដូហា DPoA ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឱកាសនេះ និងបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានរួមចំណែកដល់ការកសាង ស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះការបង្កើតក្រុមការងារចំពោះកិច្ចរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដំណើរការចាកចេញពីក្រុមប្រទេស LDC របស់កម្ពុជា។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាក់ស្ដែង ដើម្បីកសាងភាពធន់របស់កម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើ ការអភិវឌ្ឍមូលធនមនុស្ស ការដាក់ចេញការកែទម្រង់វិស័យអប់រំ សុខាភិបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុស្របតាមការវិវត្តនៃបច្ចេកវិទ្យារបស់ពិភពលោក និងការជំរុញភាពជាដៃគូជាមួយវិស័យឯកជន ជាដើម។ សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌសន្តិភាព និងក្របខ័ណ្ឌដទៃទៀត៕