ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន និងសហការី ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក កៅ ម៉ាញ់ឌឹក អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន និងសហការី ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
ក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ លោក កៅ ម៉ាញ់ឌឹក បានថ្លែងនូវការកោតសរសើរខ្ពស់ចំពោះការដឹកនាំរបស់ឯកឧត្តម អគ្គមេបញ្ជាការ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនជាតិមាតុភូមិ នាពេលកន្លងមក។
លោកអគ្គនាយកក្រុមហ៊ុន បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល ជូនចំពោះ ឯកឧត្តម និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាភ្លឺថ្លា ដើម្បីបន្តដឹកនាំកងយោធពលខេមរភូមិន្ទឱ្យកាន់តែរីកចម្រើនថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីដល់ឯកឧត្តមនាពេលនេះ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់វិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានជូនពរដល់គណៈគ្រប់គ្រងក្រុមហ៊ុន សូមឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងអាជីវកម្មកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍៕