រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា កម្ពុជាបន្ថែមការនាំចូលប្រេងឥន្ធនៈពីសិង្ហបុរី និងម៉ាឡេស៊ី

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា កម្ពុជាបន្ថែមការនាំចូលប្រេងឥន្ធនៈពីសិង្ហបុរី និងម៉ាឡេស៊ី
ចេញផ្សាយ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជាកំពុងនាំចូលប្រេងឥន្ធនៈបន្ថែមទៀតពីក្រុមហ៊ុនផ្គត់ផ្គង់ នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញបន្ថែមការខ្វះខាតការផ្គត់ផ្គង់ពីវៀតណាម និងចិន ខណៈដែលសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រហែល១ភាគ៣ នៃស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា ក្នុងចំណោមស្ថានីយប្រេងចំនួន ៦.៣០០ ទីតាំងដែលមានប្រជាជនជិត ១៨លាននាក់ប្រើប្រាស់ បានបិទទ្វារចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ដោយអាជ្ញាធរកំពុងស៊ើបអង្កេតថា តើអាជីវករកំពុងស្តុកទុកស្តុក មុនពេលតម្លៃហក់ឡើងបន្ថែមទៀតដែរ ឬយ៉ាងណាលើករណីបិទទ្វានេះ។

ឯកឧត្តម បានបន្តថា ការនាំចូលប្រេងរបស់កម្ពុជា កើតមានឡើងស្របពេលដែលវៀតណាម និងចិន បានរឹតត្បិតការនាំចេញប្រេងឥន្ធនៈ រហូតដល់យ៉ាងហោចណាស់ចុងខែមីនា ដើម្បីទប់ស្កាត់ការខ្វះខាតក្នុងស្រុកដែលអាចកើតមាន។ ប្រទេសកម្ពុជា កំពុងជំរុញការនាំចូលបន្ថែមពីប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដោយសារតែការរឹតត្បិតការនាំចេញពីនៅកន្លែងផ្សេងទៀត។

ឯកឧត្តម បានបញ្ជាក់ថា កម្ពុជានៅតែអាចនាំចូលប្រេងឥន្ធនៈក្នុងបរិមាណតិចតួចពីប្រទេសចិន។ ប៉ុន្តែដោយសារតែមានភាពជាដៃគូរឹងមាំជាមួយក្រុមផ្គត់ផ្គង់សកល Total និង Chevron ដូច្នេះអាចកាត់បន្ថយហានិភ័យមួយចំនួន។ បន្ថែមពីនោះទៀត បញ្ហាស្តុកប្រេងឥន្ធនៈបច្ចុប្បន្ន គឺអាចប្រៀបធៀបទៅនឹងកម្រិតជាប្រវត្តិសាស្ត្រ។

គួរជម្រាបថា ការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតពីប្រទេសទាំងពីរ មកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេល ១៨ថ្ងៃដំបូងនៃខែមីនានេះ គឺខ្ពស់ជាង ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

Leave a Reply

Your email address will not be published. Required fields are marked *