មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា តម្លៃសាំងបច្ចុប្បន្នមិនទាន់ឡើងដល់៨ពាន់រៀលទេ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា តម្លៃសាំងបច្ចុប្បន្នមិនទាន់ឡើងដល់៨ពាន់រៀលទេ
ចេញផ្សាយ ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP

ឯកឧត្តម ប៉ែន សុវិជាតិ បានថ្លែងថា បើទោះបីជាតម្លៃប្រេងលក់រាយឡើងជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែនឹងមិនឡើងដល់តម្លៃ៨ពាន់រៀលដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ ។ ខណៈកាលពីរាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានប្រកាសតម្លៃប្រេងលក់រាយសម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ គឺប្រេងសាំងធម្មតាមាន ៥ ៥០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៦ ៥៥០ រៀលក្នុងមួយលីត្រ។

ផ្តល់បទសម្ភាសន័ជូនវិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្នុងពេលបច្ចុប្បន្នតម្លៃសាំងបានហក់ឡើងថ្លៃនៅទូទាំងសកលលោក រួមទាំងកម្ពុជាផងដែរ ប៉ុន្តែប្រជាពលរដ្ឋខ្មែរបានចូលរួមប្រើប្រាស់ដោយសន្សំចៃដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរៀងៗខ្លួន។

ជាមួយនឹងសន្ទុះនៃតម្លៃសាំងឡើងជាហូរហែនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថា “ប៉ុន្តែខ្ញុំសូមជម្រាបជូនមួយជាការកត់សម្គាល់ថា តម្លៃសាំងពេលនេះ មិនទាន់ឡើងដល់ប៉ុន្មានឆ្នាំមុនដែលឡើងដល់៨០០០ទេ សូមបងប្អូនមេត្តាអធ្យាស្រ័យ ហើយក៏សូមសរសើរនូវស្មារតីបងប្អូនចូលរួមសន្សំសំចៃ តាមរយៈការប្រើម៉ូតូអាគុយ ឡានអាគុយ ឬកាត់បន្ថយធ្វើដំណើរឆ្ងាយៗដែលមិនចាំបាច់នេះ គឺជារឿងល្អបំផុតនៅក្នុងកាលៈទេសៈដែលយើងជួបការលំបាកបែបនេះ”។

បើតាមឯកឧត្តម ប៉ែន សុវិជាតិ សូម្បីតម្លៃប្រេងលក់រាយនៅសហរដ្ឋអាម៉េរិកក៏មានតម្លៃមិនខុសកម្ពុជាប៉ុន្មានដែរ ។ ឯកឧត្តមបន្តថា សាំងធម្មតាមួយលីត្រមានតម្លៃ៥៥០០រៀល និងម៉ាស៊ូត៦ ៥៥០ រៀល ដែលតម្លៃនេះមានការកើនឡើងជាង៣ថ្ងៃមុន ។ អ្នកនាំពាក្យសង្កត់ធ្ងន់ថាដោយសារតម្លៃប្រែប្រួលមិនទៀងទាត់បែបនេះហើយ ទើបបានជាក្រសួងលើកលែងការគណនាពី១០ថ្ងៃមកត្រឹម៣ថ្ងៃវិញ ដើម្បីឱ្យដើរទាន់សភាពការណ៍ ក្រោយផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មពន្យល់ថា ការគណនាតម្លៃប្រេងលក់រាយពី១០ថ្ងៃមក៣ថ្ងៃវិញនេះ ដើម្បីផ្តល់លទ្ធភាពទៅម្ចាស់ស្ថានីយប្រេងលក់រាយ ឬក្រុមហ៊ុននាំចូលមានលទ្ធភាពលក់ផ្គត់ផ្គង់ឱ្យពលរដ្ឋបានជាប្រក្រតី។ ប៉ុន្តែទោះបីជាយ៉ាងណា លោកក៏បានកោតសរសើរដល់ម្ចាស់ស្ថានីយលក់ប្រេងនានាដែលបានស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ចំពោះការមិនដំឡើងតម្លៃប្រេងខ្ពស់ហួសពីសមត្ថភាពរបស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *