ក្រុមហ៊ុន OFI នៅវៀតណាម មានបំណងពង្រីកការវិនិយោគបន្ថែមលើការកែច្នៃស្វាយចន្ទី
ចេញផ្សាយ ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP
នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Gaurav Patil អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងជំរុញ និងស្វែងរកឱកាសក្នុងការពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
ក្នុងកិច្ចជំនួបនេះ លោក Gaurav Patil អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម បានជម្រាបជូនថា ក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Olam Group ដែលជាក្រុមហ៊ុនដ៏ធំមួយ មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងកំពុងមានប្រតិបត្តិការជាង ៦០ប្រទេស ដោយមានជំនាញអាជីវកម្មម្ហូបអាហារ និងកសិ-ពាណិជ្ជកម្មឈានមុខគេ ដែលបានផ្គត់ផ្គង់ដល់អតិថិជននៅទូទាំងពិភពលោក។ បន្ថែមពីនេះ ក្រុមហ៊ុន Olam Group ក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុន Olam Outspan (Cambodia) នៅកម្ពុជាផងដែរ តាំងពីឆ្នាំ២០១៧ ក្នុងទិសដៅបន្តជំរុញ និងពង្រីកវិសាលភាពវិនិយោគបន្ថែមទៅលើការកែច្នៃស្វាយចន្ទីកម្ពុជា និងដំណាំសក្តានុពលកម្ពុជាបន្ថែមទៀត រួមមាន ស្វាយ ទុរេន ម្នាស់ ជាដើម។
លោកបានបន្ថែមថា ដោយពិនិត្យឃើញអំពីសក្តានុពលដ៏សម្បូរបែបនៅកម្ពុជា ជាមួយនឹងស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ចនិងនយោបាយ ក្រុមហ៊ុន OFI មានបំណងពង្រីកការវិនិយោគបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកែច្នៃស្វាយចន្ទីនេះផ្ទាល់ ព្រមទាំងបានស្នើសុំពង្រឹងកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការអំណោយផល ដើម្បីជំរុញការកែច្នៃផលិតផលសក្តានុពលកម្ពុជាឱ្យកាន់តែសម្បូរបែបជាបន្តបន្ទាប់នាពេលអនាគតផងដែរ។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ លោក Gaurav Patil អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម ចំពោះទំនុកចិត្តក្នុងការវិនិយោគ និងពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា និងបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការលើកកម្ពស់ ជំរុញ និងអភិវឌ្ឍវិស័យកែច្នៃស្វាយចន្ទីកម្ពុជា និងផលិតផលសក្តានុពលផ្សេងទៀតឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕