ឯកឧត្តម ហែម វណ្ណឌី រំលេចភាពធន់នៃឧស្សាហកម្ម និងនវានុវត្តន៍ ក្នុងបរិបទនៃសម្ពាធពីក្រៅ ជូនដល់រដ្ឋសភា និងព្រឹទ្ធសភា
ចេញផ្សាយ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP
កម្ពុជាកំពុងពង្រឹងភាពធន់សេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍឧស្សាហកម្ម ការលើកកម្ពស់នវានុវត្តន៍ និងការគាំទ្រសហគ្រាសក្នុងស្រុក ទោះបីជាប្រឈមនឹងសម្ពាធពីខាងក្រៅ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលក៏ដោយ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ហែម វណ្ណឌី ថ្លែងក្នុងសិក្ខាសាលា ស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
អង្គសិក្ខាសាលាក៏មានការអញ្ជើញចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល រួមទាំង ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី លោកជំទាវរដ្ឋមន្ត្រី ចម និម្មល និងឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដោយពិភាក្សាយុទ្ធសាស្ត្រពង្រឹងស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរំខានខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី បានរំលេចអំពីសមត្ថភាពឧស្សាហកម្មកម្ពុជា ទោះបីប្រឈមនឹងបញ្ហានានា។
ឯកឧត្តមបានលើកឡើងថា៖ «ប្រវត្តិសាស្ត្របានបញ្ជាក់ប្រាប់យើងថា នៅពេលកម្ពុជាទទួលរងការគំរាមកំហែង កម្ពុជានឹងងើបឡើង, នៅពេលគេព្យាយាមបិទខ្ទប់ទីផ្សាររបស់យើង យើងបង្កើតទីផ្សារថ្មីៗ, នៅពេលគេព្យាយាមកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់របស់យើង យើងពង្រឹងសមត្ថភាពផលិតក្នុងស្រុក ហើយនៅពេលគេគៀបសង្កត់យើងកាន់តែខ្លាំង យើងច្នៃប្រឌិត និងបង្កើតនវានុវត្តន៍កាន់តែច្រើន។»
ឯកឧត្តមបានបញ្ជាក់ថា ភាពខ្លាំងសេដ្ឋកិច្ចគឺជាគ្រឹះសម្រាប់សន្តិសុខជាតិ ហើយកម្ពុជាត្រូវបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងបង្កើនភាពម្ចាស់ការ។
គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣.០៨៣ រោងចក្រ ដែលផ្តល់ការងារជាង ១,២៦ លាននាក់ ក្នុងនោះស្ត្រីមានជាង ៧១ ភាគរយ។ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ទោះបីការផ្គត់ផ្គង់ប្រេង និងឧស្ម័នលើទីផ្សារសកលកំពុងត្រូវបានរំខាន បច្ចុប្យន្ន កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ។
ឯកឧត្តមបានបន្ថែមថា៖ “រហូតមកទល់ពេលនេះ ទាំងសង្គ្រាមឈ្លានពាន ទាំងពន្ធបដិកា និងសង្គ្រាមដែលកំពុងឆាបឆេះនៅមជ្ឈឹមបូព៌ា មិនបានធ្វើឱ្យរង្គោះរង្គើខឿនឧស្សាហកម្មរបស់កម្ពុជាឡើយ។”
កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលប្រើកម្លាំងពលកម្មជិត ៣លាននាក់ ដោយមិនទាន់គិតអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើនលាននាក់ទៀត។ ឯកឧត្តមបានលើកឡើងពីតួនាទីសំខាន់របស់សហគ្រាសក្នុងស្រុកទាំងនេះ ក្នុងការរួមចំណែកកសាងភាពធន់របស់ជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការគាំទ្រកាន់តែខ្លាំងចំពោះការផលិត និងកែច្នៃក្នុងស្រុក និងលើកកម្ពស់មនសិកាស្នេហាជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយលើកឡើងថា៖ “ការឆ្លើយតបដ៏មានឥទ្ធិពលបំផុតចំពោះការគំរាមកំហែងសេដ្ឋកិច្ច មិនមែនជាកំហឹងនោះទេ ប៉ុន្តែគឺ ផលិតភាព នវានុវត្តន៍ និងសាមគ្គីភាពជាតិ។”
សិក្ខាសាលាក៏មានបទបង្ហាញពីក្រសួងទាំងបី ដែលផ្តោតលើការអភិវឌ្ឍឧស្សាហកម្ម យុទ្ធសាស្ត្រពាណិជ្ជកម្ម បច្ចេកវិទ្យាឌីជីថល និងការកែទម្រង់ច្បាប់និងបទប្បញ្ញត្តិ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា៕