ប្រធានរដ្ឋសភា ជំរុញក្រសួងស្ថាប័នរាជរដ្ឋាភិបាល រួមគ្នាពង្រឹងសន្តិសុខសេដ្ឋកិច្ច និងសន្តិសុខជាតិ
ចេញផ្សាយ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងច្របូកច្របល់ ហ៊ុមព័ទ្ធដោយសង្គ្រាម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរខ្សែច្រវាក់ផលិតកម្ម ថាមពលឧស្សាហកម្ម កសិកម្ម សន្តិសុខស្បៀង និងទេសចរណ៍ ជាដើមនេះ, ការពង្រឹងសន្តិសុខសេដ្ឋកិច្ច និងសន្តិសុខជាតិ គឺជារឿងសំខាន់។
ថ្លែងក្នុងសិក្ខាសាលា និងកាលានុវត្តភាពនៃយុទ្ធសាស្រ្តអភិបាលកិច្ចស្តីពី«ការពង្រឹងភាពធន់ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវនុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលធ្វើឡើងនៅវិមានរដ្ឋសភា ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ក្នុងយុគសម័យដ៏ស្មុគស្មាញនេះ, សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខជាតិ ត្រូវតែដើរទន្ទឹមគ្នា និងរួមគ្នាជាធ្លុងមួយ។
សម្តេចរដ្ឋសភាធិការធិបតី មានប្រសាសន៍ថា សង្គ្រាមដែលកំពុងកើតមានឡើងនៅតំបន់មជ្ឈិមបូព៌ា អាចនឹងជះឥទ្ធិពលដល់កម្ពុជាដូចជា ការឡើងថ្លៃប្រេង ការឡើងថ្លៃនៃវត្ថុធាតុដើមនៃវិស័យកសិកម្ម និងឧស្សាហកម្មនៅទីផ្សារអន្តរជាតិ និងការរំខានដល់ការដឹកជញ្ជូនផលិតផលចេញពីកម្ពុជាជាដើម ខណៈកម្ពុជាបាននិងកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានប្រដាប់អាវុធធុនធ្ងន់ ឃោរឃៅ ព្រៃផ្សៃ រំលោភច្បាប់អន្តរជាតិពីប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចរបស់ជាតិ។
សម្តេចប្រធានរដ្ឋសភា បន្តថា «ឈរលើបរិបទនៃវិបត្តិដ៏គួរឱ្យបារម្ភនេះ កម្ពុជាដាច់ខាតត្រូវតែពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំងក្លា និងបង្កើនស្មារតីម្ចាស់ការ ពឹងផ្អែកលើខ្លួនឯងឱ្យបានខ្ពស់បំផុត ព្រោះថា គ្មាននរណាម្នាក់អាចការពារ និងរក្សាអនាគត និងជោគវាសនារបស់យើង បានល្អជាងខ្លួនយើងផ្ទាល់នោះឡើយ។ យើងចាំបាច់ ត្រូវតែកសាងសមត្ថភាពការពារជាតិឱ្យមានភាពរឹងមាំ និងមានភាពធន់ខ្ពស់ ដើម្បីបង្កើនអានុភាពនៃការបង្ការ ការពារ រារាំង ទប់ទល់ និងប្រឆាំងចំពោះចេតនាបង្ខិតបង្ខំ ឬការប៉ុនប៉ង ឈ្លានពានណាមួយពីសំណាក់សត្រូវមកលើមាតុភូមិរបស់យើង។ ភាពធន់ជាតិ គឺជាសមត្ថភាពដ៏រឹងមាំរបស់ជាតិ ក្នុងការទប់ទល់រាល់វិបត្តិ ដែលកើតឡើងជាយថាហេតុ ក៏ដូចជាការស្ដារឡើងវិញនូវស្ថានភាពជាតិឱ្យមានភាពល្អប្រសើរយ៉ាងឆាប់រហស័ស ហើយបន្តអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើនសម្រាប់អនាគត»៕