កម្ពុជា កំណត់គោលដៅច្បាស់លាស់ ក្នុងការដោះស្រាយបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា

កម្ពុជា កំណត់គោលដៅច្បាស់លាស់ ក្នុងការដោះស្រាយបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ជូនគណៈប្រតិភូសហរដ្ឋអាមេរិកថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំណត់គោលដៅយ៉ាងច្បាស់ក្នុងការដោះស្រាយបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ការបញ្ជាក់បែបនេះ ក្នុងឱកាសដែល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធីនៃការិយាល័យកាត់បន្ថយនិងរំសាយសព្វាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណៈប្រតិភូ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងគោលបំណងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីនរវាងកម្ពុជានិងសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះបញ្ហាប្រឈមបញ្ហាមីននាពេលបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានលក្ខណៈស្មុគស្មាញ និងត្រូវការពេលវេលានិងថវិកាយ៉ាងច្រើនក្នុងការដោះស្រាយ ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក ដែលជួយគាំទ្រដល់ការបោសសម្អាតមីនតាមព្រំដែន និងឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក ផងដែរ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក គឺជាប្រទេសម្ចាស់ជំនួយធំជាងគេរហូតដល់ជាង ២០០លានដុល្លារអាមេរិក។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការអបអរសាទរចំពោះភាពដៃគូយ៉ាងរឹងមាំ និងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រតិបត្តិការជាតិស៊ីម៉ាក់ ក៏ប្រតិបត្តិករអន្តរជាតិដទៃទៀត ក្នុងកិច្ចការសកម្មភាពមីនមនុស្សធម៌។

Leave a Reply

Your email address will not be published. Required fields are marked *