ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៥-២០២៦ ដើម្បីពង្រឹងសមត្ថភាព និងសុខភាពយុវជន

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៥-២០២៦ ដើម្បីពង្រឹងសមត្ថភាព និងសុខភាពយុវជន

​ព្រៃវែង៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាកីឡាករ កីឡាការិនីយ៉ាងច្រើនកុះករ។

លោក ប៉ាវ សុធីរ ប្រធានមន្ទីរអបរំ យុវជន និងកីឡា ខេត្តព្រៃវែង បានឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៥-២០២៦ ដោយមានការប្រកួត ប្រភេទកីឡាបាល់ទាត់បុរស-នារី បាល់ទះ បុរស-នារី និង ប៉េតង់បុរស-នារី មាន ១១៣ក្រុម មានកីឡាករ និងកីឡាការិនីសរុបចំនួន ១០៧៦ នាក់ ដោយកីឡាការិនីចំនួន៤៦៤នាក់។

​ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព និងទេពកោសល្យតាមរយៈការលេងកីឡា។ ឯកឧត្តមបានបញ្ជាក់ថា ការលេងកីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អ និងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គមផងដែរ។

​ឯកឧត្តម សួន សុម៉ាលីន ក៏បានផ្តាំផ្ញើដល់ក្មួយៗកីឡាករទាំងអស់ ត្រូវប្រកួតដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យ និងគោរពតាមបទបញ្ជានៃការប្រកួតឱ្យបានខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់សីលធម៌កីឡា “ឈ្នះដោយមោទនភាព និងចាញ់ដោយអស់ចិត្ត”។ ទន្ទឹមនឹងនេះ គណៈកម្មការមេប្រយោគ និងអាជ្ញាកណ្តាល ត្រូវកាត់សេចក្តីដោយភាពយុត្តិធម៌ និងត្រឹមត្រូវបំផុត ដើម្បីជ្រើសរើសបានជើងឯកពិតប្រាកដ សម្រាប់តំណាងខេត្តទៅប្រកួតក្នុងកម្រិតថ្នាក់ជាតិបន្តទៀត។

​ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានប្រកាសបើកការប្រកួតជាផ្លូវការ និងជូនពរដល់ប្រតិភូកីឡាទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រកួត និងមានសុខភាពល្អបរិបូរណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *