លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោក François Corbin អនុប្រធានចលនាសហគ្រាសបារាំង MEDEF International និងតំណាងក្រុមហ៊ុនបារំាងធំៗចំនួន ៦
( ប៉ារីស-បារាំង) នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក François Corbin អនុប្រធានសមាគមធុរកិច្ច MEDEF International និងតំណាងក្រុមហ៊ុនបារំាងធំៗចំនួន ៦ ដើម្បីបង្ហាញពីសក្តានុពលពាណិជ្ជកម្មនិងវិនិយោគរបស់កម្ពុជា។
នាឱកាសនោះ តំណាងក្រមហ៊ុនបារាំង បានជម្រាបជូនអំពីចក្ខុវិស័យរបស់ក្រុមហ៊ុនខ្លួនក្នុងការពង្រីកប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា និងបង្ហាញពីបំណងស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃច្បាប់និងបទប្បញ្ញត្តិពាណិជ្ជកម្ម ព្រមទាំងបានកត់សម្គាល់អំពីភាពរីកចម្រើនគួរជាមោទនៈរបស់កម្ពុជា។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍគ្រប់វិស័យនិងបង្ហាញអំពីភាពរួចរាល់របស់ក្រសួងពាណិជ្ជកម្មក្នុងកិច្ចសម្រួលពាណិជ្ជកម្ម។