ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ ស.ស.យ.ក ខេត្តព្រៃវែង

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ ស.ស.យ.ក ខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧប​នាយក​​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ ស.ស.យ.ក ខេត្តព្រៃវែង ដោយ​មាន​ការចូលរួមពីសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សរុប​៥០០នាក់។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា:ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតី ក៏ដូចជាឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ដែលបានអញ្ជើញជាគណៈអធិបតី និងភ្ញៀវកិត្តិយស ក្នុងពិធីដ៏មានសារៈសំខាន់នេះ។

ជាមួយគ្នានេះដែរឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ក៏សូមកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារផ្សេងៗ ដើម្បីសាងសង់អគារស្នាក់ការ ស.ស.យ.ក. ខេត្តព្រៃវែង ឱ្យកើតចេញជារូបរាងឡើងថ្មីសន្លាង និងស្រស់ស្អាត បានជាប្រយោជន៍ដល់យុវជន ក៏ដូចជាប្រជាជនក្នុងខេត្តព្រៃវែងទាំងមូល ទាំងការងារបណ្តុះបណ្តាល និងសកម្មភាពសង្គមផ្សេងៗ។

នៅក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា អគារថ្មីនេះ នឹងក្លាយ​ជាមូល​ដ្ឋាន​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​ជំរុញ និងបង្កើនប្រសិទ្ឋភាពនៃការងាររបស់ ស.ស.យ.ក ព្រៃវែងឲ្យកាន់​តែ​ល្អ​ប្រសើរ​ថែម​មួយ​កំរិតបន្ថែមទៀត ដើម្បីរួមចំណែកជំរុញកិត្យានុភាពរបស់ ស.ស.យ.ក តាមរយៈ​ការ​សម្រេច​បាន​សមិទ្ធ​ផលថ្មីៗ នៅក្របខណ្ឌខេត្ត គណៈកម្មាធិការកណ្ដាល ដោយស្រប​តាម​ផែន​ការ​យុទ្ធសាស្រ្តយុវជន ដើម្បីបុព្វហេតុជាតិ មាតុភូមិ ២០២៣_២០២៨ របស់ ស.ស.យ.ក។ ហើយអាគារនេះ ក៏ក្លាយជាមជ្ឈមណ្ឌលយុវជនដ៏រស់រវើក ដែល​ឆ្លើយ​តប​តំរូវ​ការ​ផ្សេងៗ​របស់​យុវជនសំដៅធ្វើយ៉ាងណាឲ្យកិត្យានុភាព ស.ស.យ.ក ជ្រៀបចូលដល់បេះដូងនៃស្រទាប់យុវជន គ្រប់​លំដាប់ និងគ្រប់និន្នាការទាំងនៅក្នុងខេត្តព្រៃវែងផ្ទាល់ និង​បណ្ដា​ខេត្ត​ជិត​នេះផ​ងដែ​រ។ បន្ថែម​លើនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែលបានផ្តល់ដីសំរាប់សាងសងអគារ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបាន​ផ្តួច​ផ្តើម​សាង​សង​អគារ​ស្នាក់​ការ​ថ្មី ស.ស.យ.ក ខេត្តព្រៃវែង និងសប្បុរសជននានាដែលចូលរួមឧបត្ថម្ភ។

គួរបញ្ជាក់ដែរថា អគារស្នាក់ការថ្មីរបស់ស.ស.យ.ក.ខេត្តព្រៃវែង ប្រើរយៈពេលសាងសង់១២ខែ ដោយ​បានចាប់ផ្តើមការសាងសង់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ចំណាយ​ថវិកា​សរុប​ជាង ៥០​ម៉ឺន​ដុល្លារ។ អគារនេះ ស្ថិតនៅលើផ្ទៃដីទំហំសរុប ២,៤០០ម៉ែត្រការ៉េ កំពស់អគារ១ជាន់ ដោយរចនាបទនៃអគារ មានលក្ខណៈ សាមញ្ញ ប៉ុន្តែ​ឈរ​លើ​មូលដ្ឋាន​បត់​បែន​ទៅ​តាម​សម័យ​ទំនើប​ស្រប​តាមជំនាន់យុវជនក្នុងយុគសម័យឌីជីថល ដែលមានពណ៌​អគារ​ស្រប​ទៅ​តាម​និមិត្ត​សញ្ញា ​ស.ស.យ.ក. និងការផ្សារភ្ជាប់ជាមួយបរិស្ថានធម្មជាតិដើមឈើធំៗដ៏ស្រស់បំព្រង៕

Leave a Reply

Your email address will not be published. Required fields are marked *