ឯកឧត្តម ហែម វណ្ណឌី និង ឯកឧត្តម កែវ រតនៈ អញ្ជើញសម្ពោធអគារសិក្សាថ្មីក្នុងសាលាបឋមសិក្សា ពោធិ៍សាត់ ដែលជាជំនួយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងសមាគមអតីតសិស្ស

ឯកឧត្តម ហែម វណ្ណឌី និង ឯកឧត្តម កែវ រតនៈ អញ្ជើញសម្ពោធអគារសិក្សាថ្មីក្នុងសាលាបឋមសិក្សា ពោធិ៍សាត់ ដែលជាជំនួយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងសមាគមអតីតសិស្ស
ចេញផ្សាយ ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីមួយខ្នង និងបរិក្ខានានា នៅក្នុងសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតនៅឃុំផ្ទះព្រៃ ក្រុងពោធិ៍សាត់។ អគារសិក្សាថ្មីនេះមានកម្ពស់២ជាន់ មាន១០បន្ទប់ ដែលត្រូវបានសាងសង់ឡើង ដើម្បីកាត់បន្ថយភាពចង្អៀតក្នុងថ្នាក់រៀន ខណៈចំនួនសិស្សកំពុងកើនឡើងជាបន្តបន្ទាប់។ យោងតាមរបាយការណ៍សាលា បច្ចុប្បន្ន សាលាបឋមសិក្សាពោធិ៍សាត់មានគ្រូបង្រៀនចំនួន ៦៥នាក់ និងសិស្សសរុប ២.៧៤៤នាក់។ ថ្នាក់រៀនខ្លះមានសិស្សរហូតដល់ ៥៨នាក់ ដែលលើសពីកម្រិតស្តង់ដារ និងបង្កឱ្យមានភាពចង្អៀតក្នុងថ្នាក់រៀន។

គម្រោងសាងសង់នេះ ប្រើប្រាស់ថវិកាប្រមាណ ២៦ម៉ឺនដុល្លារអាមេរិក ជាជំនួយពីមូលនិធិបម្រើផលប្រយោជន៍សង្គមរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងសមាគមអតីតសិស្សខេត្តពោធិ៍សាត់នៅក្រៅប្រទេស។ គម្រោងក៏បានផ្គត់ផ្គង់បរិក្ខារសិក្សាបន្ថែម រួមមានឧបករណ៍បញ្ចាំងស្លាយ (LCD) ចំនួន៥ឈុត តុ-កៅអីសិស្ស ១៥០ឈុត តុ-កៅអីគ្រូ ១០ឈុត និងក្តារខៀន ១០ផ្ទាំង។

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សានេះ ឯកឧត្តម ហែម វណ្ណឌី បានផ្តោតពីសារសំខាន់នៃការពង្រឹងការអប់រំជាមូលដ្ឋាននៃការអភិវឌ្ឍជាតិ។ ឯកឧត្តមបានលើកឡើងថា៖ “ការពង្រឹងមូលដ្ឋានគ្រឹះអប់រំនៅកម្រិតបឋមសិក្សា គឺជាចំណុចចាប់ផ្តើមដ៏សំខាន់បំផុត ដើម្បីឈានទៅសម្រេចបាននូវសង្គមមួយដែលផ្អែកលើចំណេះដឹង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។”

ឯកឧត្តមក៏បានបន្ថែមថា ប្រព័ន្ធនវានុវត្តន៍ ឬឧស្សាហកម្ម ៤.០ មិនអាចអភិវឌ្ឍជោគជ័យបានទេ លុះត្រាតែកុមារ និងយុវជនជំនាន់ក្រោយទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាកាសសិក្សាសមរម្យ ចាប់តាំងពីកម្រិតបឋមសិក្សា។

គម្រោងសាងសង់អគារសិក្សាថ្មី និងបរិក្ខារសិក្សាទាំងនេះ ត្រូវបានរំពឹងថានឹងជួយកាត់បន្ថយភាពចង្អៀតក្នុងថ្នាក់រៀន កែលម្អបរិយាកាសសិក្សា និងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ឱ្យទទួលបានលទ្ធផលសិក្សាកាន់តែល្អប្រសើរ ដើម្បីរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅក្នុងខេត្តពោធិ៍សាត់។

Leave a Reply

Your email address will not be published. Required fields are marked *