សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា និងសន្និបាតបូកសរុបការងារនៅខេត្តកំពត
ចេញផ្សាយ ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២៦
ខេត្តកំពត៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងសមាជិកសមាគមនារីយ៉ាងច្រើនកុះករ ដើម្បីធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត។
តាមរបាយការណ៍របស់ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពត បានឱ្យដឹងថា កន្លងមកសមាគមបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ តាមរយៈការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់សាខា ជាពិសេសការចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ស្ត្រី និងការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការបានយ៉ាងប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សិទ្ធិអំណាច និងភាពអង់អាចដល់ស្ត្រី។ ជាភស្តុតាង បច្ចុប្បន្នខេត្តកំពតមានស្ត្រីក្នុងជួរថ្នាក់ដឹកនាំគួរឱ្យកត់សម្គាល់ រួមមាន៖ ស្ត្រីជាក្រុមប្រឹក្សាខេត្ត ចំនួន ០៤ រូប ,អភិបាលស្រុក-ក្រុង ចំនួន ០២ រូប * មេឃុំ ចំនួន ០៧ រូប , និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ១១១ រូប។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងក្រុមការងារ ដែលបានសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដៃគូពាក់ព័ន្ធ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត។
សម្តេចបានសង្កត់ធ្ងន់ថា ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ឆ្នាំនេះ គឺពិតជាមានសារៈសំខាន់មិនអាចកាត់ថ្លៃបាន ព្រោះសន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍ។ សម្តេចក៏បានអំពាវនាវឱ្យមានការចូលរួមការពារ និងលុបបំបាត់រាល់ឧបសគ្គដែលរារាំងដល់វឌ្ឍនភាពរបស់ស្ត្រី ដើម្បីជំរុញការអភិវឌ្ឍសង្គមប្រកបដោយចីរភាព និងបរិយាបន្ន៕