រដ្ឋសភាកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនសមត្ថភាពមន្ត្រីជំនាញ ដើម្បីឆ្លើយតបទៅនឹងផែនការកំណែទម្រង់រដ្ឋសភាឱ្យក្លាយទៅជា “សភាអេឡិចត្រូនិក” (E-Parliament)

រដ្ឋសភាកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនសមត្ថភាពមន្ត្រីជំនាញ ដើម្បីឆ្លើយតបទៅនឹងផែនការកំណែទម្រង់រដ្ឋសភាឱ្យក្លាយទៅជា “សភាអេឡិចត្រូនិក” (E-Parliament)
ចេញផ្សាយ ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២៦
វិមានរដ្ឋសភា៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំសភាអេឡិចត្រូនិក នៅវិមានរដ្ឋសភា។

កិច្ចប្រជុំនេះ មានការអញ្ចើញចូលរួមពីឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋាន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ឡេង ប៉េងឡុង បានលើកឡើងថា រដ្ឋសភាកម្ពុជា មានគោលបំណងច្បាស់លាស់ ដោយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនសមត្ថភាពមន្ត្រីជំនាញ ដើម្បីឆ្លើយតបទៅនឹងផែនការកំណែទម្រង់រដ្ឋសភាឱ្យក្លាយទៅជា “សភាអេឡិចត្រូនិក” (E-Parliament) នាពេលខាងមុខ។ ជាលទ្ធផលដ៏ត្រចះត្រចង់ គម្រោងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ “សភាអេឡិចត្រូនិក” ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ដោយ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង បាននិងកំពុងអនុវត្តដោយការិយាល័យជំនាញ ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុនបច្ចេកទេស និងស្ថាប័នពាក់ព័ន្ធ ជិតឈានដល់ការបញ្ចប់ជាស្ថាពរហើយ។ ប្រព័ន្ធនេះនឹងក្លាយជា “ឆ្អឹងខ្នងឌីជីថល” ដ៏សំខាន់បំផុត ក្នុងការសម្របសម្រួលកិច្ចការរដ្ឋបាល និងការងារនីតិប្បញ្ញត្តិឱ្យមានភាពរហ័ស ទាន់សម័យ និងមានតម្លាភាពខ្ពស់។

នាឱកាសនោះដែរ ឯកឧត្តម ឡេង ប៉េងឡុង បានណែនាំឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ សហការជាមួយនាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្រុមការងារបច្ចេកទេសសាលាប៊េលធីរបស់ ឯកឧត្តម លី ឆេង បញ្ចូលសកម្មភាពព័ត៌មានរបស់ថ្នាក់ដឹកនាំរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ទៅក្នុងប្រព័ន្ធសភាអេឡិចត្រូនិក (E-Parliament) ជូនដល់សាធារណជនជាតិ និងអន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *