ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរឹង
ចេញផ្សាយ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៦
MoINFO APP
រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរឹង ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យរបស់អន្តរក្រសួងមុននឹងឈានដល់ដំណាក់កាលនីតិវិធីជាបន្តបន្ទាប់ រហូតដល់ការអនុម័តជាផ្លូវការ។
ឯកឧត្តមបានថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយ កាលពីព្រឹកថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងយុត្តិធម៌បានបើកកិច្ចប្រជុំជាមួយអន្តរស្ថាប័នដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេសសំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ។ ក្រសួងយុត្តិធម៌ជឿជាក់ថា សេចក្តីព្រាងច្បាប់មួយនេះនឹងបង្កើតជាក្របខ័ណ្ឌគិតយុត្តិដ៏សំខាន់ និងច្បាស់លាស់បន្ថែមទៀតដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាអាទិភាពមួយដ៏សំខាន់របស់រដ្ឋាភិបាលកម្ពុជា។
បើតាមក្រសួងយុត្តិធម៌ ច្បាប់នេះក៏បានរៀបចំឡើងស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមកដែរ។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា លទ្ឋផលនៃយុទ្ធនាការបង្ក្រាបការឆបោកអនឡាញគិតចាប់ពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា ធ្វើការបង្ក្រាប online scams បាន ចំនួន២០០ករណី នៅទីតាំងប្រមាណចំនូន២៥០០កន្លែង និងបណ្តេញជនបរទេសចេញពីប្រទេសកម្ពុជាជាង៨.០០០នាក់ រួមទាំងរឹបអូសកំព្យូទ័រជាង១០.០០០ គ្រឿង និងទូរស័ព្ទ ជាង៣៦.០០០ គ្រឿង ខណៈដែលមានជនបរទេសប្រមាណ២១០.០០០នាក់បានចាកចេញពីកម្ពុជាដោយខ្លួនឯង។