ទីផ្សារស្វាយកែវរមៀតសម្រាប់រោងចក្រកែច្នៃជាដំណាប់
ចេញផ្សាយ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៦
ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញនេះ បានអញ្ជើញចុះពិនិត្យសហគមន៍កសិកម្មជាំសង្កែរុងរឿងដែលដំណាំស្វាយកែវរមៀត និងបាន អញ្ជើញទស្សនកិច្ច រោងចក្រដំណាប់ផ្លែឈើបឹងកេតផ្លេនធីង ស្ថិតក្នុងឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងដើម្បីពិនិត្យមើលលើការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកបញ្ជាទិញ ដើម្បីធានាឱ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព តាមរយៈការបន្ស៊ីគ្នានៃផែនការអាជីវកម្មរវាងភាគីទាំងពីរ ខណៈរដូវស្វាយកែវរមៀតទុំបានចាប់ផ្តើម មកដល់។
សហគមន៍កសិកម្មជាំសង្កែរុងរឿង គឺជាសហគមន៍កសិកម្មដគំរូមួយដែលទទួលបានការគាំទ្រ ពីសំណាក់គម្រោង ASPIRE-AT និងអង្គការ GIZ ក្នុងការអភិវឌ្ឍសមត្ថភាពផលិតកម្ម និងការរៀបចំផែនការអាជីវកម្មឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាខេត្តផលិតស្វាយកែវរមៀតធំជាងគេ ដែលមានរោងចក្រនិងសិប្បកម្មកែច្នៃដំណាប់ស្វាយប្រមាណ២៥ទីតាំង ក្រៅពីនេះមានរោងចក្រនិងសិប្បកម្មកែច្នៃដំណាប់ស្វាយមួយចំនួនមាន នៅខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះសីហនុ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន អាមេរិក អ៊ឺរ៉ុប និងអូស្ត្រាលី។
វត្តមានរោងចក្រនិងសិប្បកម្មកែច្នៃដំណាប់ស្វាយកែវរមៀតនេះ បានឆ្លើយតបកង្វះទីផ្សារ នៅពេលរដូវស្វាយកែវរមៀតទុំជារៀងរាល់ឆ្នាំ ខណះកន្លងមកនេះ តម្លៃស្វាយកែវរមៀតទុំ ធ្លាក់ចុះទាប ដែលធ្វើអោយកសិករខ្លះបានសម្រេចចិត្ត កាប់ដើមស្វាយចោល និងខ្លះបានទុកចំការស្វាយចោល។
ប៉ុន្តែក្រុមហ៊ុនធ្វើដំណាប់ស្វាយបឹងកេតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺក្រោយពេលបានបង្កើត បានប្រមូលទិញផ្លែស្វាយក្នុងបរិមាណជាមធ្យម១៥០តោនក្នុងមួយថ្ងៃ។
ក្រុមហ៊ុននេះប្រមូលទិញស្វាយពីប្រជាពលរដ្ឋប្រមាណ ២០ភាគរយ ពីឈ្មួញកណ្តាល ៦០ភាគរយ និង២០ភាគរយទៀតប្រមូលទិញពីសហគមន៍។ ចំណែកឯរោងចក្រកែច្នៃដំណាប់ស្វាយកែវរមៀត អអ (OROR) នៅភ្នំពេញមានសមត្ថភាពផលិតបានជាង២០០តោនក្នុង១ថ្ងៃនៅក្នុងរដូវស្វាយទុំ។
កំណើនរោងចក្រនិងសិប្បកម្មកែច្នៃដំណាប់ស្វាយកែវរមៀតនេះ បានជួយរក្សាតម្លៃស្វាយកែវរមៀតទុំសម្រាប់កសិករដែលធ្វើចំការស្វាយ។
ថ្មីៗនេះ លោក អ៊ុំ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ ស្ថិតនៅ ខេត្តត្បូងឃ្មុំ បានប្រាប់ សារព័ត៌មានក្នុងស្រុកថា នៅដើមខែកុម្ភះឆ្នាំ២០២៦នេះ តម្លៃស្វាយកែវរមៀត ដែលដឹកដល់ រោងចក្រ បានតម្លៃដល់ ១០០០រៀល ក្នុងមួយគីឡូក្រាម៕