កម្ពុជា-ឥណ្ឌូណេស៊ី ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋទំាងសងខាង
ចេញផ្សាយ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញសាធារណរដ្ឋឥណ្ឌូណេស៊ី បន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យរីកចម្រើន រឹងមាំបន្ថែមទៀត ក្នុងការលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋទំាងសងខាង។ សម្តេចបានគូសបញ្ជាក់ថារដ្ឋសភា តំណាងឱ្យពលរដ្ឋ ដូច្នេះការភ្ជាប់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរគឺជាការភ្ជាប់ទំនាក់ទំនងពលរដ្ឋនិងពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកវិស័យនានា មានដូចជាពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងអប់រំជាដើម ដែលសុទ្ធសឹងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភាបានលើកសំណើបែបនេះក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលឯកឧត្តមឯកអគ្គរដ្ឋទូត សម្រេចបានគួរជាទីមោទនៈ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី ឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងទូលំទូលាយ ជាពិសេស ការផ្សារភ្ជាប់ផ្នែកធុរកិច្ច និងការផ្លាស់ប្តូរ វប្បធម៌ និងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។
ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សាការងារនិងអនុញ្ញាតដល់ឯកឧត្តម បានចូលជម្រាបលានៅក្នុងឱកាសនេះ។ ឯកឧត្តមបានអរគុណសម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏ដូចជារដ្ឋសភាទំាងមូល ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតឥណ្ឌូណេស៊ីនៅភ្នំពេញ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តទទួលបានជោគជ័យ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបានយល់ស្របជាមួយសម្តេចប្រធានរដ្ឋសភា អំពីសារៈសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិរដ្ឋសភាប្រទេសទំាងពីរ នៅក្នុងការជំរុញនិងលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋទំាងសងខាង។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមគឺបានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ នៅក្នុងនោះវិស័យពាណិជ្ជកម្ម កម្ពុជា-ឥណ្ឌូណេស៊ី បានកើនឡើងដល់ជាង១ពាន់លានដុល្លារ។ ឥណ្ឌូណេស៊ីនឹងជំរុញបន្ថែមលើការនាំចូលផលិតផលពីកម្ពុជានិងជំរុញអ្នកវិនិយោគនិងអ្នកទេសចរមកកម្ពុជាបន្ថែមទៀតនិងបន្តគំាទ្រដល់វិស័យកសិកម្មនៅកម្ពុជា។