អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តតាកែវ ចុះ MOU ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តតាកែវ ចុះ MOU ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
ចេញផ្សាយ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៦
តាកែវ ៖ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមជាមួយ ឯកឧត្តម ធាម ចន្ទពិសិទ្ធ ប្រធានសាលាខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) និងរដ្ឋបាលខេត្តតាកែវ។

ពិធីនេះ រៀបចំឡើងស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងលោកអភិបាលស្រុកក្រុង និងមេឃុំចៅសង្កាត់ ចំនួនប្រមាណជាង ២០០ នាក់។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានលើកឡើងថា កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តតាកែវ គឺជាយន្តការដ៏ល្អបំផុត ក្នុងការឆ្លើយ តបទៅនឹងសំណើ សំណូមពរ និងតម្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា នៃការធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ គឺប្រមុខនៃរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយធ្វើការបង្ខិតសេវាឱ្យ កាន់កៀកជិត មានភាពងាយស្រួល រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រោមរូបមន្ត “ឈ្នះ-ឈ្នះ” មាន ន័យថា គូភាគីឈ្នះទាំងអស់គ្នា វាខុសពីការ សម្រេចក្តីនៅតុលាការដែលមានអ្នកឈ្នះ និងអ្នកចាញ់។

ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន ក៏បានផ្តាំផ្ញើសូមឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ធានាឱ្យបាននូវការគោរពទាំងស្រុងនូវឆន្ទៈរបស់គូភាគី ជៀសវាង ឱ្យបាននូវការបង្ខិតបង្ខំ ឬធ្វើការសម្រេចចិត្តណាមួយជំនួសឱ្យគូភាគីវិវាទ និង មិនត្រូវទទួលសម្រុះសម្រួល ផ្សះផ្សាវិវាទណាមួយដែលច្បាប់មិនផ្តល់សមត្ថកិច្ច ឬផ្ទុយពី គោលការណ៍អនុញ្ញាតនៃច្បាប់ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *