កម្ពុជា បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រចំនួន៤ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងសិក្ខាសាលាតំបន់ នៅហ្វីលីពីន
ចេញផ្សាយ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៦
MoINFO APP
ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអនុគណៈកម្មាធិការ ទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាតំបន់ស្តីពី «ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ ចីរភាព និងឆ្លើយតបនឹងបម្រែបម្រួលប្រជាសាស្ត្រ» ដែលប្រព្រឹត្តទៅ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នៅក្នុងកិច្ចពិភាក្សា (Panel Discussion) ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ បានចែករំលែកនូវសមិទ្ធផលសុខាភិបាល សំខាន់ៗ របស់កម្ពុជា ជាពិសេសការកាត់បន្ថយអត្រាមរណភាពមាតា និងទារក និងការប្រយុទ្ធប្រឆាំងជំងឺឆ្លង។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងកំណើននៃជំងឺមិនឆ្លង និងប្រជាជនវ័យចាស់ ក្រសួងសុខាភិបាលកំពុងអនុវត្តយ៉ាងសកម្មនូវ ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ និង ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ២០២៤-២០៣៥ ដោយផ្តោតលើការផ្លាស់ប្តូរជាយុទ្ធសាស្ត្រចំនួន៤ ៖
១-ពីការព្យាបាល មកជាការថែទាំ (CURE to CARE) ដោយពង្រឹងការថែទាំសុខភាពបឋមឱ្យកាន់តែជិតសហគមន៍
២-ពីបរិមាណ មកជាគុណតម្លៃ (VOLUME to VALUE) ដោយផ្តោតលើការធានាគុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ
៣-ពីការការពារហិរញ្ញវត្ថុតាមគោលដៅ ទៅជាសកល (TARGETED to UNIVERSAL) ដោយពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម (មូលនិធិសមធម៌សុខាភិបាល និង ប.ស.ស)
៤-ពីការឆ្លើយតប ទៅជាភាពធន់ (REACTIVE to RESILIENT) តាមរយៈការជំរុញបរិវត្តកម្មសុខាភិបាលឌីជីថល និងការពង្រឹងភាពធន់ នៃប្រព័ន្ធសុខាភិបាល ។
សូមបញ្ជាក់ជូនថា សិក្ខាសាលានេះរៀបចំឡើងដោយ គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) ក្នុងគោលបំណងជំរុញកិច្ចពិភាក្សាស្តីពីការពង្រឹងប្រព័ន្ធសុខាភិបាល ការដោះស្រាយកត្តាសង្គមដែលកំណត់សុខភាព និងការពន្លឿនវឌ្ឍនភាពនៃការទទួលបានសេវាសុខភាពសម្រាប់ប្រជាជនងាយរងគ្រោះនៅក្នុងតំបន់។ ក្នុងនោះ សមាសភាពគណៈប្រតិភូកម្ពុជា ដែលអញ្ជើញចូលរួមមាន លោកស្រីបណ្ឌិត កើត ពេជ្រចិន្តា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម (អ.ក.គ) និង លោក អៀ សុធី ប្រធានអង្គភាពស្រាវជ្រាវ នៃ អ.ក.គ ព្រមទាំងមានការចូលរួមពីអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញមកពីប្រទេសជាច្រើនក្នុងតំបន់ ដូចជា បង់ក្លាដែស, ម៉ាល់ឌីវ, ស្រីលង្កា, ម៉ាឡេស៊ី, ថៃ និងចិន៕