សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ថងលុន ស៊ីសុលីត អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលលើកទី១៦ រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ

សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ថងលុន ស៊ីសុលីត អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលលើកទី១៦ រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ
ចេញផ្សាយ ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២៦
រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលលើកទី១៦ រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអឱ្យដឹងថា នៅក្រោយក្នុងជំនួបគណបក្សទាំងពីរ

បានផ្លាស់ប្ដូរយោបល់គ្នាស្ដីអំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌនៃគណបក្សទាំងពីរ ផ្តោតទៅលើការអនុវត្តលើកិច្ចព្រមព្រៀងអ្វីដែលបានសម្រេចកាលពីលើកមុន និងបន្តអនុវត្តមកដល់ពេលនេះ ដែលសមិទ្ធផលជាច្រើនបានកើតឡើងសម្រាប់ការពង្រីកនូវទំនាក់ទំនងទ្វេភាគីរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ និយាយដោយឡែក និងនិយាយជារួមគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីសវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ។

នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ថ្នាក់ដឹកនាំកំពូលទាំងពីរបានរំលេចនិងពង្រីកសក្តានុពល និងសហប្រតិបត្តិការបន្ថែមទៀត ដែលគណបក្សទាំងពីរនៅមានជាមួយគ្នាជាពិសេសបន្តការផ្លាស់ប្ដូរនូវទំនាក់ទំនងផ្នែកយុវជន ថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរតាមរយៈដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ រួមទាំងការផ្លាស់ប្ដូរ និងបណ្ដុះបណ្ដាលយុវជនអ្នកបន្តវេនដើម្បីរក្សាឱ្យបាននូវចំណងមិត្តភាពនៃគណបក្សទាំងពីរ។

ឯកឧត្តម ថងលុន ស៊ីសូលីតបានអរគុណចំពោះ គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាដែលតែងតែឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវ ដែលទាំងនេះជាការបង្ហាញអំពី ស្មារតីនៃការប្រគៀកស្មើគ្នា ក្នុងឋានៈជាប្រទេសជិតខាងគ្នា ហើយការរក្សាបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងអស់នេះ គឺជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគីក្នុងក្របខ័ណ្ឌគណបក្សនយោបាយទាំងពីរ រួមទាំងទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។

សម្ដេចតេជោ និងឯកឧត្តម ថងលុន ស៊ីសូលីត បានឯកភាពគ្នា ក្រៅពីការពង្រីកនូវទំនាក់ទំនង បន្ថែមទៅលើគណបក្សទាំងពីរ ក៏បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសនៅក្នុងឱកាសនៃខួបទំនាក់ទំនង៧០ឆ្នាំខាងមុខនេះ បានជំរុញឱ្យថ្នាក់ដឹកនាំទាំងពីរឯកភាពគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីអបអរសាទរខួបទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវមានគោលបំណងដើម្បីរៀបចំឱ្យមានទិវាវប្បធម៌ដើម្បីអបអរសាទរទៅលើទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *