កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០ លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០
ចេញផ្សាយ ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២៦
នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំកំពូលគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, នាយករដ្ឋមន្រ្តីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងក្នុងគ្រប់កម្រិតនាពេលកន្លងមក ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងបានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តធ្វើការឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង ជូនប្រជាជននៃប្រទេសទាំងពីរ។
ឆ្នាំ២០២៦ នេះ គឺជាឆ្នាំពិសេស នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ, ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពរួមគ្នារៀបចំសកម្មភាពឱ្យបានច្រើន ជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីអបអរសាទរឆ្នាំដ៏សំខាន់នេះ។ ជាក់ស្ដែង, ការអញ្ជើញធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ នាឱកាសនេះ ក៏ដូចជាគម្រោងយាងបំពេញព្រះរាជទស្សកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ គឺជាសក្ខីភាពជាក់ស្ដែងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយ ការទូតរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសលើ៖ នយោបាយ-ការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ធនាគារ, កសិកម្ម, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កិច្ចការព្រំដែន, ការពារជាតិ និងសន្តិសុខ, ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។