ការរីកចំរើននៃវិស័យឧស្សាហកម្ម បានធ្វើកម្ពុជាមានទំនិញជំនួសទំនិញ ដែលនាំចូលពីក្រៅប្រទេស
ចេញផ្សាយ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៦
នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងបរិមាណខ្ពស់គឺស្ថិតនៅក្នុងវិស័យផលិតកម្មឧស្សាហកម្ម ដែលជាគន្លឹះជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបំប្លែងវត្ថុធាតុដើមទៅជាផលិតផលសម្រេច ជំរុញការនាំចេញ ដែលបង្កើតតម្លៃបន្ថែមខ្ពស់ ជួយបង្កើតការងារ កាត់បន្ថយភាពក្រីក្រ ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថាកាលពីឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគសម្រាប់ផលិតកម្មឧស្សាហកម្ម មានចំនួន២៤៨គម្រោងដែលស្មើរជាង៩២ភាគរយនៃគម្រោងសរុបប្រចាំឆ្នាំ។ ហើយកាលពីឆ្នាំ២០២៤កម្ពុជា ទទួលបានចំនួន៣៩៤គម្រោងដែលស្មើរជាង៩៥ភាគរយនៃគម្រោងសរុបប្រចាំឆ្នាំ និងកាលពីឆ្នាំ២០២៥ ទទួលបានចំនួន២២៨គម្រោងដែលស្មើរជាង៥០ភាគរយនៃគម្រោងសរុបប្រចាំឆ្នាំ ។
នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គម្រោងវិនិយោគដែលកម្ពុជាទទួលបានសំខាន់ៗមានរោងចក្រផលិតស៊ីម៉ងត៍ អាជីវកម្មរ៉ែដែករោងចក្រផ្តុំដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រកែច្នៃអាលុយមីញ៉ូម រោងចក្រផលិតដំឡើង គ្រឿងម៉ាស៊ីន និងមេកានិច រោងចក្រកែច្នៃផលិតផលពីទឹកដោះគោ រោងចក្រផលិតក្រណាត់ និងរោងចក្រផលិតសម្ភារះប្រើប្រាស់ក្នុងផ្ទះ និងផ្ទះបាយ ជាដើម។
យោងតាមរបាយការណ៍ ឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអោយដឹងថា ផលិតកម្មចេញពីវិស័យឧស្សាហកម្មរបស់កម្ពុជាមានតម្លៃជាង ១៥ ពាន់លានដុល្លារ ដោយក្នុងនោះ ជិត ៤ពាន់លានដុល្លារអាមេរិក បានផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុក និង ជាង ១១ពាន់លានដុល្លារអាមេរិកត្រូវបានផ្គត់ផ្គង់ទៅទីផ្សារអន្តរជាតិ។
ហើយក្រោយពេលកម្ពុជាបានធ្វើពិពិធកម្មបានធ្វើអោយវិស័យឧស្សាហកម្មរបស់កម្ពុជា បានរួមចំណែក ៤២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំ២០២៤។
សូមបញ្ជាក់ថា ការរីកចំរើននៃវិស័យឧស្សាហកម្មរបស់កម្ពុជា បានជួយបង្កើតមុខទំនិញថ្មីៗ ដែលជួយបំពេញតម្រូវការទីផ្សារក្នុងស្រុក ហើយបណ្តើរៗឈានទៅជំនួសទំនិញដែលនាំចូលពីក្រៅប្រទេស៕