ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ដែលបានទទួលការតែងតាំង និងផ្ទេរភារកិច្ចថ្មី
ចេញផ្សាយ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៦
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ថ្នាក់ដឹកនាំ ចាប់ពីថ្នាក់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក អគ្គនាយិកា អគ្គលេខាធិការរង អគ្គនាយករង និងប្រធាននាយកដ្ឋាន អង្គភាពចំណុះ នៃក្រសួងព័ត៌មាន ដែលបានទទួលការតែងតាំង និងផ្ទេរភារកិច្ចថ្មីៗ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តខិតខំបំពេញភារកិច្ចដោយមានស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងគោរពវិន័យរដ្ឋបាល ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួងព័ត៌មាន។
ឯកឧត្តម ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ បច្ចេកវិទ្យា និងការច្នៃប្រឌិត ស្របតាមបរិបទយុគសម័យឌីជីថល ដើម្បីអភិវឌ្ឍវិស័យព័ត៌មាន និងសារព័ត៌មានឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងភាពទាន់សម័យ។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការតែងតាំង និងការផ្លាស់ប្តូរមុខតំណែងនេះ គឺជាការពង្រឹងរចនាសម្ព័ន្ធការងារ និងធនធានមនុស្សរបស់ក្រសួងព័ត៌មាន ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ និងភារកិច្ចថ្មីៗក្នុងវិស័យព័ត៌មាននៅកម្ពុជា។ ដូច្នេះអ្វីដែលសំខាន់គឺការបន្តពង្រឹងសមត្ថភាព ជាពិសេសលើការងារបច្ចេកទេស និង ឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារព័ត៌មានឱ្យកាន់តែទំនើប និងទាន់ហេតុការណ៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ដែលបានចូលរួមចំណែក ក្នុងការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនរបស់ក្រសួងព័ត៌មាន នាពេលកន្លងមក។
តាមរយៈព្រះរាជក្រឹត្យថ្មីត្រូវបានតែងតាំ លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន, ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា, ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, លោកជំទាវ សុខមុំ និមល អគ្គនាយិកា នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ។ជាមួយនេះតាមរយៈអនុក្រឹត្យ ក៏មានការតែងតាំងឡើងវិញថ្នាក់ អគ្គធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពចំណុះក្រសួងព័ត៌មាន៕