រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ក្នុងឆ្នាំ២០២៥កន្លងមកសកលលោក និងតំបន់ក៏ដូចជាប្រទេសកម្ពុជា បានឆ្លងកាត់នូវការប្រកួតប្រជែងដ៏ស្រួចស្រាវ និងបានទទួលរងនូវឥទ្ធិពលពីកត្តាជាច្រើន
ចេញផ្សាយ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៦
MoINFO APP
ថ្លែងបើកសន្និបាតបូកសរុបការងារក្រសួងទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ រយៈពេល២ថ្ងៃ នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា សន្និបាតធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន ក្នុងនោះមានការបូកសរុបសភាពការណ៍លើវិស័យទេសចរណ៍ទាំងក្នុងកម្រិតសកល កម្រិតតំបន់ និងកម្រិតជាតិក្នុងបរិបទកម្ពុជា ស្របពេលដែលសកលលោក និងតំបន់ក៏ដូចជាប្រទេសកម្ពុជាបានឆ្លងកាត់នូវការប្រកួតប្រជែងដ៏ស្រួចស្រាវ និងត្រូវបានទទួលរងនូវឥទ្ធិពលពីកត្តាជាច្រើនក្នុងឆ្នាំ២០២៥ កន្លងមកនេះ។
ឯកឧត្តម ហួត ហាក់ បានបន្តថា ក្នុងរយៈពេល២ថ្ងៃនេះអង្គសន្និបាតនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃចំពោះលទ្ធផលការងារដែលក្រសួងសម្រេចបាន និងការងារណាខ្លះដែលមិនទាន់សម្រេចបាននៅក្នុងចន្លោះរវាងសន្និបាតឆ្នាំ២០២៥ និងសន្និបាតឆ្នាំ២០២៦ ដោយអង្គសន្និបាតទាំងមូលនឹងរួមគ្នាធ្វើការពិភាក្សា លើកយោបល់ ផ្តល់ធាតុចូល ផ្លាស់ប្តូរទស្សនៈឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងផ្នែកដែលស្ថិតនៅក្នុងវិស័យទេសចរណ៍ដោយផ្ទាល់ ទាំងផ្នែកប្រយោល សំដៅរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរពីគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ក៏ដូជាការឈានទៅការដាក់ចេញរួមគ្នានូវវិធានាការគន្លឹះ និងការលើកទិសដៅការងារបន្តដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ដោយឈរលើភាពជាក់ស្តែងនិយម ភាពប្រាកដនិយម និងស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយឈរលើស្មារតីបុរេសកម្ម សកម្ម អន្តរសកម្ម។
ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ក៏ត្រូវបានចាត់ទុកថាជាជន្ទល់នៃសេដ្ឋកិច្ចជាតិ ដែលមានសន្ទុះរីកចម្រើនគួរជាទីកត់សម្គាល់ដោយមានមូលដ្ឋានគ្រឹះសំខាន់ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាបធ្នាប់សង្គម ដែលមានលក្ខណៈល្អប្រសើរ ធ្វើឱ្យកម្ពុជានៅតែបន្តជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ផ្តល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយនៅក្នុងតំបន់អាស៊ី ជាពិសេសការធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុង រយៈកាល៣០ឆ្នាំចុងក្រោយនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សម្រាប់ស្ថានភាពទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២៤កន្លងមកទទួលបានភ្ញៀវទេសចរប្រមាណ ៦,៧លាននាក់ ដែលអាចនិយាយបានថាវាធ្វើឱ្យវិស័យទេសចរណ៍របស់កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិកូវីដ-១៩។