សាលារៀនពន្លឺអាស៊ីសាខាបានពង្រីកសាខារបស់ខ្លួនចំនួន ៧ ទីតាំង និងបានចុះដៃគូសហប្រតិបត្តិការជាមួយសាលាអន្តរជាតិម៉ាស្ទ័រី ដើម្បីងាយស្រួលដល់សិស្សានុសិស្យរៀនសូត្រ
ព្រៃវែង៖ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៦ សាលារៀនពន្លឺអាស៊ីសាខាបានពង្រីកសាខារបស់ខ្លួនចំនួន ៧ ទីតាំង ដែលស្ថិតនៅភូមិស្មោង ឃុំស្មោងខាងជើង ស្រុកកំចាយមារ និងបានចុះដៃគូសហប្រតិបត្តិការជាមួយសាលាអន្តរជាតិម៉ាស្ទ័រី ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្នុងការស្វែងរកការអប់រំមួយដែលមានគុណភាពខ្ពស់ ស្ដង់ដារ និងប្រកបដោយទំនុកចិត្ត ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតី លោក យាត សាមឿន អភិបាលរងស្រុក តំណាង លោក ប៊ិន ជីវ័ន្ត អភិបាលស្រុក កំចាយមារ ខេត្តព្រៃវែង។
ក្នុងនោះលោក ព្រឹម សុវណ្ណ អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាល ស្ថាបនិក សាលារៀន ពន្លឺ អាស៊ី លើកឡើងថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលនៃការពង្រីកសាខាថ្មីនេះ សាលារៀនពន្លឺអាស៊ី ក៏បានបោះជំហានទៅមុខយ៉ាងសំខាន់មួយទៀត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការ ជាមួយសាលាអន្តរជាតិម៉ាស្ទ័រី ដែលជាគ្រឹះស្ថានអប់រំដ៏មានកេរ្តិ៍ឈ្មោះមួយ។ លោកបន្តថា ការចាប់ដៃគូយុទ្ធសាស្ត្រ និងការបើកដំណើរការទីតាំងថ្មីៗជាបន្តបន្ទាប់នេះ ធ្វើឡើងក្រោមគោលបំណង ជួយសម្រួលដល់សិស្សានុសិស្ស និងមាតាបិតា ក្នុងការទទួលបានសេវាកម្មអប់រំនៅជិតលំនៅឋាន កាត់បន្ថយការធ្វើដំណើរឆ្ងាយ និងចំណាយពេលវេលា។
មានប្រសាសន៍ក្នុងឱកាសនោះ លោក យាត សាមឿន អភិបាលរងស្រុកកំចាយមារ បានលើកឡើងដែរថា វិស័យអប់រំ ឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានចំណេះដឹងបន្ថែមទៀតដល់យុវជន និងក្មួយៗ កុមារា កុមារី ឱ្យមានចំណេះ ជំនាញកាន់តែខ្លាំងឡើងបន្ថែមទៀត បន្ទាប់ពីការអប់រំ របស់រដ្ឋ។ លោក អភិបាលរង បានបន្តថា ការអប់រំ គឺជា មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មនុស្សគ្រប់បន្ទាប់វណ្ណៈគ្រប់វ័យគ្រប់ប្រទេសទាំងអស់ ដែលពោរពេញដោយសក្តានុពលនៃការអភិវឌ្ឍ និងជាទ្រព្យធនដែលមនុស្សជាតិគ្រប់គ្នាត្រូវការដោយខានមិនបាន ក្នុងការធ្វើឲ្យសម្រេចបាននូវ ជីវភាពរស់នៅប្រកបដោយសុខដុមរមនា ដោយមាន សីលធម៌ សុជីវធម៌ ឧត្តមភាព សន្តិភាព សេរីភាព និង យុត្តិធម៌សង្គម។ លោក អភិបាលរង ក៏សូមផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងក្មេងទំនើង ដែលធ្វើឲ្យអាប់អោនដល់គ្រួសារ និងដែលសង្គមជាតិស្អប់ខ្ពើម។
សូមបញ្ជាក់ផងដែរថា សាលារៀនពន្លឺអាស៊ីមានសាខាចំនួន ៧ ទីតាំង ហើយបច្ចុប្បន្នសាខាទី ៧ នេះមានសិស្សចុះឈ្មោះចូលរៀនប៉ុន្មានជាង ១០០ នាក់និងកំពុងតែបន្តទទួលសិស្សចុះឈ្មោះ។
-ដោយមាន ទទួលសិស្សចុះឈ្មោះចូលរៀនគឺថ្នាក់ពេញម៉ោង ពីមត្តេយ្យសិក្សាដល់បឋមសិក្សា។
-សម្រាប់ថ្នាក់ពេញម៉ោងមានបង្រៀនភាសាខ្មែរគណិតវិទ្យា ភាសាអង់គ្លេស ភាសាចិន។
-ថ្នាក់ពេញម៉ោងមានពីរវេនពេលព្រឹកនិងពេលរសៀលព្រឹកចូលរៀននៅម៉ោង 7:30 ដល់ម៉ោង 10:30 រសៀលចូលរៀននៅម៉ោង 1:00 ដល់ម៉ោង 4:00។
និងថ្នាក់ក្រៅម៉ោងទទួលចុះឈ្មោះចូលរៀនពីថ្នាក់អនុវិទ្យាល័យពីនឹងវិទ្យាល័យពីទី 7 ដល់ទី 12 កម្មវិធីសិក្សាមានភាសាអង់គ្លេសភាសាចិនកុំព្យូទ័រផងដែរ៕
