សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
ចេញផ្សាយ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៦
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវ សរុបចំនួន១,២១៥ នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅទីតាំងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។
យោងតាមរបាយការណ៍របស់ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា សមិទ្ធផលជាច្រើន ដែលខេត្តសម្រេចបាន គឺបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋ បានល្អប្រសើរ។ សេដ្ឋកិច្ចខេត្តតាកែវបានមកពីវិស័យធំៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម ៥៣% វិស័យឧស្សាហកម្ម និងសំណង់ ៣១% និងវិស័យសេវាកម្ម១៦%។ តាកែវជាខេត្តប្រកបដោយសក្ដានុពលកសិកម្ម តំបន់ទេសចរណ៍សំខាន់ៗ និងជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ បច្ចុប្បន្នខេត្តតាកែវ មានរោងចក្រ សហគ្រាសធំៗកំពុងធ្វើអាជីវកម្ម និងបន្តមកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ទៀត។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តតាកែវនេះសាជាថ្មី។ សម្តេចបន្តថា តាកែវគឺជាខេត្តទី៤ហើយ ដែលសម្ដេចបានកំណត់ជាគោលដៅក្នុងការចុះជួបមន្ត្រីរាជការតាមបណ្ដាខេត្តនានា បន្ទាប់ពីខេត្តកំពង់ចាម ត្បូងឃ្មុំ និងកំពង់ស្ពឺ និងកំពុងឆ្ពោះទៅបណ្ដាខេត្តផ្សេងៗទៀត។
មានប្រសាសន៍ពីខេត្តតាកែវ នៅថ្ងៃនេះ សម្តេចតេជោបានរំលឹកពីប្រវត្តិសាស្ត្រនៃការដោះស្រាយវិបត្តិទឹកសង្គ្រោះស្រូវជូនប្រជាកសិករនៅ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កាលពីឆ្នាំ១៩៩៤ ដោយលើកឡើងពីទ្រឹស្តីដ៏ល្បីល្បាញថា «ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត»។សម្តេចបន្តថា នៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ប្រជាកសិករនៅឃុំពត់សរ និងតំបន់ជិតខាងបានជួបវិបត្តិខ្វះទឹកស្រោចស្រពស្រូវ ហើយសម្តេចបានចុះទៅអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវ។ សម្តេចបានសង្កត់ធ្ងន់ថា ទោះបីជាត្រូវច្រូតស្រូវក្នុងទឹក ក៏នៅតែប្រសើរជាងទុកឱ្យស្រូវងាប់ដោយសារខ្វះទឹក ព្រោះវានឹងមិនមានស្រូវសម្រាប់ប្រមូលផលសោះ។
សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តតាកែវទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
សម្តេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ជៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោបានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្ដេចតេជោក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។