ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នាំយកថវិកា ចំនួន ១.៥៥៥.៥៥៥ ដុល្លារ ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦
ចេញផ្សាយ ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៦
នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលជួបសវនាការ ជាមួយគណៈប្រតិភូក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ( ROYAL GROUP) ដឹកនាំដោយ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ិនធើណេសិនណល ដែលបាននាំយកថវិកា ចំនួន ១.៥៥៥.៥៥៥ ដុល្លារ (មួយលានប្រាំសែនប្រាំម៉ឺនប្រាំពាន់ប្រាំរយហាសិបប្រាំដុល្លារអាម៉េរិក) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលតែងតែបានបរិច្ចាគធនធានផ្ទាល់ខ្លួនដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩៥ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ៣២លើក មានថវិកាសរុប ៧.៥៣៣.៥៥២ ដុល្លារ, អង្ករ ២០០តោន និងរថយន្ត ២គ្រឿង។
កាកបាទក្រហមកម្ពុជា នៅតែបន្តរង់ចាំទទួលស្វាគមន៍ចំពោះសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដែលបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ព្រោះថាការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕