ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅបរិវេណក្រុមហ៊ុន អរិន មេនុហ្វេកធឺរីង (ខ្មែរ) ស្រុកកំចាយមារ ខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាល ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ៣ ១០៨នាក់ នៅខេត្តព្រៃវែង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅបរិវេណក្រុមហ៊ុន អរិន មេនុហ្វេកធឺរីង (ខ្មែរ) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
ឯកឧត្ដម អភិសន្តិបណ្ឌិត បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនកម្មករទាំងអស់ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងារ ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះ ឯកឧត្ដម អភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ជីវភាព និងសិទ្ធិសេរីភាពរបស់កម្មករ និយោជិត ក៏ដូចជាការធានាឱ្យបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុវត្ថិភាពនៅតាមរោងចក្រ សហគ្រាស។
ឯកឧត្ដម អភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អរិន មេនុហ្វេកធឺរីង ដែលបានផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានសហការល្អជាមួយអាជ្ញាធរ ក្នុងការបង្កើតបរិយាកាសការងារប្រកបដោយសុខដុមរមនា។
ឯកឧត្ដម អភិសន្តិបណ្ឌិត មានប្រសាសន៍បន្តថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា មិនត្រឹមតែជាការរំលឹកនូវប្រវត្តិសាស្ត្រនៃការតស៊ូរបស់វណ្ណៈកម្មករនោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃការផ្ដល់តម្លៃ និងការដឹងគុណចំពោះកម្លាំងពលកម្ម ដែលកំពុងកសាងអនាគតដ៏រុងរឿងសម្រាប់កម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិសន្តិបណ្ឌិត ក៏បានរៀបចំអាហារសាមគ្គី និងផ្តល់ជូននូវក្រមា និងថវិកា ដល់កម្មករនិយោជិត ទាំង ៣ ១០៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ ក្រមា ចំនួន ១ និងថវិកា ចំនួន ៤ម៉ឺនរៀល។ ដោយឡែកសម្រាប់ស្ត្រីមានផ្ទៃពោះ ៧៩នាក់ ក្នុងម្នាក់ៗទទួលបាន៖ ក្រមា ចំនួន ១ និងថវិកា ចំនួន ១៤ម៉ឺនរៀលផងដែរ៕
