ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ មានចំណុចវិជ្ជមានមួយ គឺការតាំងចិត្តដូចគ្នាក្នុងការរក្សាបទឈប់បាញ់
ចេញផ្សាយ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៦
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦–
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ជំនួបជាមួយឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ មានចំណុចវិជ្ជមានមួយ គឺយើងបានការតាំងចិត្តដូចគ្នាក្នុងការរក្សាបទឈប់បាញ់ឱ្យបានគង់វង្ស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ដូច្នេះឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់ពីបានជួបជាមួយនឹង ឯកឧត្តម Sihasak Phuangketkeow កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅប្រទេសព្រុយណេ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការជួបគ្នានេះ គឺជាការបន្តពីការជួបគ្នាលើកមុនៗ ដើម្បីស្វែងរកនូវវិធីនានា ក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានប្រក្រតីភាពឡើងវិញហើយជំនួបលើកនេះ បានផ្តោតទៅលើប្រធានបទទាំងឡាយ ដែលភាគីទាំងពីរអាចនិយាយត្រូវរូវគ្នាដើម្បីបន្តកសាងទំនុកចិត្ត និងសម្រេចលទ្ធផលជាក់ស្តែងក្នុងការឈានទៅកសាងប្រក្រតីភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា កម្ពុជាតែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០២៥ កន្លងមក។