លោកស្រី សេង ទៀង៖ បរិស្ថានស្អាតផ្តើមចេញពីយើងទាំងអស់គ្នាដើម្បីធានាដល់សុខភាពល្អ និងបរិស្ថានស្អាត
ព្រៃវែង៖ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រៃវែង បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងនិងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សាមគ្គីដើម្បីទីក្រុងស្អាត» ក្រោមអធិបតីភាព លោកស្រី សេង ទៀង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរង លោកនាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ទាំង កងកម្លាំងទាំងបី ព្រមទាំងប្រជាពលរដ្ឋ ក្នុងក្រុងព្រៃវែង។
លោកស្រី សេង ទៀង អភិបាលរងខេត្ត មានប្រសាសន៍លើកឡើងថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាន នេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ខេត្តព្រៃវែង អំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាន និងសហគមន៍។ ហើយការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីក្រុងព្រៃវែងមានភាពស្អាត ភាពបៃតង និងចីរភាពស្របតាមពាក្យស្លោក “ កម្ពុជាស្អាត ខ្មែរធ្វើបាន “។
លោកស្រី អភិបាលរងខេត្ត បន្ថែមថា សំរាម និងសំណល់ប្លាស្ទិក គឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារតែការកើនឡើងនៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កាកសំណល់សំរាម និងថង់ប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពទីក្រុង ប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ។
លោកស្រី អភិបាលរងខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែងមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បែតង និងគ្មានសំរាមនៅតាមទីសាធារណៈ៕
