អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ដំណើរបេសកកម្មការទូតនៅលើឆាកអន្តរជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ដោយជោគជ័យ
ចេញផ្សាយ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦
MoINFO APP
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ដំណើរបេសកកម្មការទូតយ៉ាងសកម្មនិងមានរយៈពេលវែងនៅលើឆាកអន្តរជាតិរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ហើយ។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្ខេបជូននូវចំណុចសំខាន់ៗដើម្បីចែកជូនជនរួមជាតិជ្រាបដូចតទៅ៖
បេសកកម្មការទូតនេះបានចាប់ផ្តើមពីសហរដ្ឋអាម៉េរិក ដោយសម្តេចបវរធិបតីបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព(The Borad of Peace)នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ ការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព គឺដើម្បីបង្ហាញពីសុឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រសន្តិភាពសកលដែលកម្ពុជាតែងតែចូលរួមជារៀងរហូតមក។
ស្របពេលនៃកិច្ចប្រជុំនោះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានផ្លាស់ប្តូរទស្សនៈជាមួយនាយករដ្ឋមន្ត្រីហុងគ្រី បានជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។ ក្នុងអំឡុងស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេស អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម អនុទីប្រឹក្សាសន្តិសុខជាតិនិងអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មនៃសហរដ្ឋអាម៉េរិក។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីយ៉េ និងពីតំណាងស្ថាប័នអន្តរជាតិ នៃក្រុមប្រឹក្សាអាត្លង់ទិកផងដែរ។
ក្នុងជំនួបខាងលើនេះ ក្រៅពីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនិងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា-ថៃ ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬមិនប្រើកម្លាំង។